កាលពីវេលាម៉ោង៣រសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០១៥ក្មេងស្រីអាយុ៤ឆ្នាំម្នាក់បានស្លាប់ បន្ទាប់ពីធ្លាក់ពីកាណូតពេលធ្វើដំណើរចេញពីរកអូសជាមួយម្តាយ និងឪពុក នៅចំណុចជ្រោយផ្កាយ ក្នុងឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ជាប់ព្រំទល់ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៌ខេត្តកំពង់ឆ្នាំង ។
ក្មេងស្រីរងគ្រោះដែលធ្លាក់ទឹកលង់ស្លាប់នេះមានឈ្មោះ សៀង កញ្ញា ភេទស្រិអាយុ៤ឆ្នាំ រស់នៅភូមិត្រពាំងចាន់ ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង ។
លោក វី វិន អាយុ៣០ឆ្នាំត្រូវជាឪពុកបង្កើតរបស់ក្មេងស្រីរងគ្រោះបានអោយដឹងថា ក្រុមគ្រួសាររបស់គាត់គឺជាគ្រួសារដែលក្រីក្រ រកព្រឹកខ្វះល្ងាច លំបាកវេទនានៅថ្ងៃកើតហេតុ គ្រួសារគាត់មានគ្នាចំនួន៤នាក់ នាំគ្នាជិះកាណូតទៅរកអូសនៅទឹកដី ខេត្តពោសាត់ ដែលមានព្រំប្រទល់ជាប់ខេត្តកំពង់ឆ្នាំង ។
លុះរកអូសបានហើយគាត់បានបើក កាណូតត្រឡប់មកវិញ នៅពេលមកដល់ចំណុចកើតហេតុ ស្រាប់កូនស្រីរបស់គាត់ឈ្មោះសៀង កញ្ញា បានធ្លាក់ពីលើកាណូត ខណៈនោះកាណូតដែលកំពុងតែបើកបានជ្រុលល្បឿន ទៅមុខប្រហែលជិត១០០ម៉ែត្រ ត្រឡប់មករកកូននៅកន្លែងធ្លាក់វិញ តែរកមិនឃើញ រហូតដល់ម៉ោងប្រមាណជា៤និង៣០នាទីទើបគាត់រកឃើញ តែកូនស្រីរបស់គាត់បានស្លាប់បាត់ ទៅហើយ រួចបានដឹកសាកកូនស្រីមកផ្ទះធ្វើបុណ្យតាមប្រពៃណី តែម្តង ។



































