កងទ័ពអាកាសរបស់រដ្ឋាភិបាលលីប៊ីទទួលស្គាល់ដោយសហគមន៍ អន្តរជាតិ ថ្លែងកាលពីថ្ងៃទី៦មករា ថា យន្តហោះរបស់ខ្លួនបានវាយប្រហារលើនាវាដឹកប្រេងក្រិកគួរឱ្យសង្ស័យ ១គ្រឿង ដែលចតនៅកំពង់ផែ Dema នាភាគខាងកើតលីប៊ី ។
លោក អាហ៍ម៉ាដ អាល់មី ស្មារី អ្នកនាំពាក្យរបស់កងទ័ពជាតិលីប៊ី និយាយថា នាវាឈ្មោះ Araevo ដោតទង់ជាតិលីបេរីយ៉ា ជានាវាគួរឱ្យសង្ស័យ ហើយពុំឆ្លើយតបចំពោះបណ្តាបទបញ្ជាដែលបានព្រមានឱ្យឈប់ដើម្បី ធ្វើការត្រួតពិនិត្យ មុនពេលចូលក្នុងកំពង់ផែ ទើបកងទ័ពអាកាសធ្វើការវាយប្រហារ ។
មុននេះនាយទាហានម្នាក់របស់កងទ័ពលីប៊ី បានបដិសេធរាល់តួនាទីក្នុងការវាយប្រហារតាមអាកាស កាលពីថ្ងៃទី៤ មករា ។
អាជ្ញាធរ កងឆ្មាំឆ្នេរសមុទ្រក្រិក ប្រកាសថា សមាជិកក្រុមនាវិក២នាក់ គឺជនជាតិក្រិកម្នាក់ និងរ៉ូម៉ានីម្នាក់ បានត្រូវស្លាប់ក្នុងការវាយប្រហារលើនាវានោះ ដោយយន្តហោះចម្បាំងលីប៊ីមួយគ្រឿង ។ សមាជិកក្រុមនាវិក២នាក់ ជាជនជាតិហ្វ៊ីលីពីន ត្រូវរបួសដោយសារការវាយប្រហារនោះដែរ ។
ទីក្រុង កំពង់ផែ Dema នាពេលនេះ កាន់កាប់ដោយពួកសកម្មប្រយុទ្ធជាច្រើនសិបនាក់ ដែលប្រកាសថាត្រៀមចូលរួមជាមួយក្រុមរដ្ឋអ៊ិស្លាមរបស់លោក អាប៊ូ បាក់អាល់ បាក់ដាឌី ៕