ទីភ្នាក់ងារសារព័ត៌មានផ្លូវការស៊ីរី SANA រាយការណ៍កាលពីថ្ងៃទី៦មករាថា ប្រធានាធិបតីស៊ីរីលោកបាចា អាល់អាសាដ បានគូសបញ្ជាក់ពីភាពចាំបាច់ពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជាមួយអីុរ៉ង់ ។លោកអាសាដ បង្ហាញទស្សនៈបែបនេះក្នុងឱកាសជួបពិភាក្សាកាលពីថ្ងៃទី៥ មករា ជាមួយប្រធានគណៈកម្មាធិការពង្រីកទំនាក់ទំនងសេដ្ឋកិច្ចអីរ៉ង់-ស៊ី រី លោក ROSTAM GHASSEMI និងគណៈប្រតិភូរបស់លោកនៅទីក្រុងដាម៉ាស់ ។
មេដឹកនាំ ស៊ីរីថ្លែងថា វាជាការចាំបាច់ដែលទស្សនៈវិស័យសេដ្ឋកិច្ចស៊ីរី-អីុរ៉ង់ គួររួមបញ្ចូលជាមួយទស្សនៈវិស័យនយោបាយ និងយុទ្ធសាស្ត្ររបស់ប្រទេសទាំងពីរ ។ លោកក៏ទទូចផងដែរលើភាពចាំបាច់សម្រួលដល់បែបបទនានា ហើយជម្នះរាល់ឧបសគ្គ ដែលរារាំងដល់ការពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ។
ចំណែក លោក GHASSEMI វិញអះអាងជាថ្មីពីការគាំទ្ររបស់អីុរ៉ង់ចំពោះរដ្ឋាភិបាលស៊ីរី។ លោកថ្លែងថា អីុរ៉ង់ប្តេជ្ញាបន្តផ្តល់ជំនួយ ព្រមទាំងបទពិសោធន៍របស់ខ្លួនដើម្បីឱ្យស៊ីរីមានមធ្យោបាយនានាក្នុង ការចាត់ចែងខាងសេដ្ឋកិច្ច ។
សេដ្ឋកិច្ចស៊ីរីធ្លាក់ចុះដុនដាប យ៉ាងខ្លាំងដោយសារជម្លោះដែលបំផ្លាញប្រទេសជិត៤ឆ្នាំមកហើយ ។ វិបត្តិដ៏ចម្បងនេះធ្វើឱ្យស៊ីរីធ្លាក់ដុនដាបក្នុងគ្រប់វិស័យ រួមទាំងវិស័យសេដ្ឋកិច្ចផង។ រដ្ឋាភិបាលស៊ីរីខិតខំទប់ចំពោះការបាក់ស្រុតនៃសេដ្ឋកិច្ច ហើយពឹងផ្អែកលើជំនួយរបស់បណ្តាប្រទេសជាមិត្តដូចជា អីុរ៉ង់ និងរុស្ស៊ីជាដើម ៕