​ស្ត្រី​ម្នាក់​ត្រូវបាន​តុលាការ​ឃុំខ្លួន​ដាក់​ព​ន្ឋ​នាគារ ព្រោះ​ចេញ​សែក​អត់​ប្រាក់ ជាង​៩​ម៉ឺន​ដុល្លារ​

0

​ភ្នំពេញ ៖ ស្ត្រី​ចំណាស់​ម្នាក់ ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច កាលពី​រសៀល​ថ្ងៃអាទិត្យ ទី​១៦ ខែមីនា ឆ្នាំ​២០១៤ ឃុំខ្លួន​ដាក់​ព​ន្ឋ​នាគារ​បណ្តោះអាសន្ន ក្រោម​ការ ចោទប្រកាន់​ពីបទ​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន ពាក់​ព័​ន្ឋ​ការចេញ​សែក​អត់ សាច់ប្រាក់​ចំនួន​៩​ម៉ឺន​៦​ពាន់​ដុល្លារ​អាមេរិក បន្ទាប់ពី​ស្ត្រី​រូបនេះ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន តាម ដីកា​របស់​តុលាការ ។​

​ស្ត្រី​រូបនេះ​ឈ្មោះ អ៊ុក សុខន អាយុ​៥៣​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​២០៣ ផ្លូវ​លេខ​៣០៦ សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ត្រូវបាន​សមត្ថកិច្ច​កា​រិ​យា​ល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៤ តាម​ដីកា បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់លោក កោ វណ្ឌី អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ពីបទ​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន ចុះ​ថ្ងៃទី​១៩ ខែ​កុ​ម្ភះ ឆ្នាំ​២០១៤ ។​ ​

ពាក់​ព័​ន្ឋ​បញ្ហា​នេះ ប្រភពព័ត៌មាន​ពី​មន្ត្រី​តុលាការ បាន​ឲ្យ​ដឹងថា ដើមចម​ដែល​នាំ​ឲ្យ​មានការ ចោទប្រកាន់​នេះ គឺ​កើតឡើង​កាលពី​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០១១ ស្ត្រី​ជាប់ចោទ បាន​លក់​ដី​មួយ កន្លែង​ទៅ​ឲ្យ​បុរស​ម្នាក់​តម្លៃ​១០​ម៉ឺន​ដុល្លារ ខណៈដី​មួយកន្លែង​នេះ​ត្រូវបាន​លក់​ឲ្យ​អ្នកផ្សេង​បាត់ទៅ ហើយ ។

ក្រោយមក បុរស​ម្នាក់​ដែល​ទិញ​ដី​នេះ បានដឹងថា​ដី​របស់​ស្ត្រី​ជាប់ចោទ​បាន​លក់​ឲ្យ​អ្នក ផ្សេង​បាត់ទៅហើយ ក៏បាន​ទាមទារ​យកប្រាក់​មកវិញ ហើយ​ស្ត្រី​ជាប់ចោទ​បានចេញ​សែក​មួយ​សន្លឹក តម្លៃ​៩​ម៉ឺន​៦​ពាន់​ដុល្លារ តែ​ការពិត​សែក​នេះ​គ្មាន​ប្រាក់​នោះទេ ។ ផ្តើមចេញពី​បញ្ហា​នេះ បុរស​ម្នាក់នេះ ក៏បាន​ដាក់ពាក្យ​បណ្តឹង​ប្តឹង​ស្ត្រី​ជាប់ចោទ​តែម្តង ៕ IMG_5023