កំពង់ឆ្នាំង៖សន្តិសុខក្រុមហ៊ុនរបស់ក្រុមហ៊ុនទូរសព្ទ័ម្នាក់ត្រូវយុវជនទំនើង៥នាក់ព្រួតវាយ ទាំងកំរោលបណ្តាលអោយរងរបួស ដោយបានចោទសន្តិសុខរូនោះថាបានជេរម្រាយរបស់ពួកគេ។ ហេតុការណ៍នេះបានកើតឡើង នៅ វេលាម៉ោង៥និង១០នាទីល្ងាច ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៥ នៅមុខក្រុមហ៊ុនទូរស័ព្ទមួយ ស្ថិតនៅភូមិទី៣ សង្កាត់ខ្សាម ក្រុង
កំពង់ឆ្នាំង។ សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា៖សន្តិសុខជាជនរងគ្រោះនោះឈ្មោះ ស៊ុំ ណារិទ្ធ អាយុ២៦ឆ្នាំ រស់នៅក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។ចំណែកយុវជនទំនើងទាំង៥នាក់នោះត្រូវគេស្គាល់ឈ្មោះថា ទី១ឈ្មោះ ឆៃ ស៊ីឈីត អាយុ២៣ឆ្នាំ,ទី២ឈ្មោះ ឆៃ ស៊ីឈាន អាយុ២៨ឆ្នាំ,ទី៣ឈ្មោះ ឆៃ សុខ សាន្ត អាយុ១៩ឆ្នាំ គេទាំង៣នាក់រស់នៅក្នុងភូមិឃុំកើតហេតខាងលើ និងជាកូនមន្ត្រីនគរបាលផ្នែកភ័ស្តភា ម្នាក់នៅក្នុងស្នងការនគរបាលខេត្ត ចំណែកយុវជនទំនើង២នាក់ទៀតជាមិត្តភ៍ក្ររបស់គេ មិនត្រូវបានគេស្គាល់ឈ្មោះឡើយ។
ប្រភពព័ត៌មានពីមន្ត្រីសន្តិសុខជាជនរងគ្រោះបានអោយដឹងថា៖ មុនពេលកើតហេតុ គេឃើញយុវជនទំនើង ជិះម៉ូតូ២គ្រឿងត្រឡប់ពីស៊ីផឹក ដោយធ្វើដំណើរពីលិចទៅកើត ពេលទៅដល់មុខក្រុមហ៊ុនទូរស័ព្ទមានម៉ូតូមួយគ្រឿងទៀត បានបើកបរក្នុងដំណើរច្រាសទិសគ្នា អ្នកបើកបរម៉ូតូរូបនោះក៍បានជេរម្រ៉ាយទៅលើយុវជនទំនើងដែលកំពុងជិះម៉ូតូរេ ជ្រែពេញថ្នល់ចង់បុកគាត់ ហើយក៍ជិះហួសទៅ។
ពេលនោះដែរយុវជនទំនើងទាំងនោះក៍ បានត្រឡប់មកក្រោយវិញនិងបានបើក ម៉ូតូទៅព្រួតវាយសន្តិសុខនោះដោយចោទថាសន្តិសុខរូបនោះបានជេរម្រ៉ាយពួកគេ ទោះ បីសន្តិសុខរូបនោះអង្វរថា រូបខ្លួនមិនបានជេរទេ អ្នកជេរនោះបានជិះម៉ូតូហួសទៅហើយ តែទោះបីជនរងគ្រោះប្រាប់បែបនេះក៍ដោយ ក៍ក្រុមទំនើងនោះនៅតែវាយទាល់តែអស់ ចិត្តទើបចេញទៅ។
ក្រោយពេលកើតហេតុយុវជនទំនើងទាំង៥នាក់បានគេចខ្លួនបាត់ពីមូលដ្ឋាន ចំណែកសន្តិសុខរងគ្រោះក៍បានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីជួយផ្តល់យុត្តិធម៌ និងចាប់ជនទំនើងទាំងនោះមកផ្តន្ទាទោសតាមច្បាប់។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា៖ម្នាក់ក្នុងចំណោមពួកគេ៥នាក់នោះ ជា ជនប្រើថ្នាំញៀនដែលសមត្ថកិច្ចកំពុងតែតាមប្រម៉ាញ់។ករណីនេះសមត្ថកិច្ចកំពុងធ្វើការ ស្រាវជ្រាវចាប់ខ្លួនជនដៃដល់ទាំង៥នាក់នេះមកផ្តន្ទាទោសតាមច្បាប់៕




































