ភ្នំពេញៈ យុវជនម្នាក់បានរងរបួសសន្លប់ស្តូកស្តឹងដោយសារតែរូបគេស្រវឹងស្រាជោគជាំបានជិះម៉ូតូជ្រុលបុកជាមួយម៉ូតូមួយគ្រឿងទៀតពេញទំហឹងហើយបានផ្លោងទៅបុកនឹងរថយន្តដែលម្ចាស់បានឈប់ចតស្ងៀមនៅនឹងចិញ្ចើមផ្លូវបណ្តាលឱ្យរងការខូចខាតផ្នែកខាងមុខ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២នឹង២៥នាទីរំលងអាធ្រាតឈានចូលថ្ងៃទី៨ខែមករាឆ្នាំ២០១៥តាមបណ្តោយផ្លូវលេខ៤៨៨ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវខណ្ឌចំការមន។ ប្រភពពត៌មានពីអ្នកដែលបានឃើញហេតុការណ៍នេះបានប្រាប់ឱ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញយុវជនម្នាក់បានជិះម៉ូតូវ៉េសស្ប៉ាមួយគ្រឿងពណ៍លឿង
ពាក់ស្លាកលេខ1BY-7140 ទំនងជាស្រវឹងស្រារេពេញផ្លូវក្នុងទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុក៏បានបុកជាមួយនឹងម៉ូតូឌ្រីមសេ១២៥ជិះឌុបគ្នា៣នាក់ក្នុងទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹងបណ្តាលឱ្យរងបួសសន្លប់ស្តូកស្តឹងហើយម៉ូតូបានផ្លោងទៅបុកនឹងរថយន្តដែលម្ចាស់បានឈប់ចតស្ងៀមនៅនឹងចិញ្ចើមផ្លូវបណ្តាលឱ្យរងការខូចខាតផ្នែកខាងមុខរីឯអ្នកជិះម៉ូតូសេ១២៥បានលើម៉ូតូជិះចេញទៅបាត់តែម្តង។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានអ្នកដំណើរឆែករកទូរស័ព្ទទំនាក់ទំនងទៅមិត្តភក្ត្រឱ្យមកទទួលយកទៅព្យាបាលចំណែករថយន្តដែលរងការខូចខាតភាគីបង្កបានយល់ព្រមយកទៅជួសជុលឱ្យវិញ ព្រោះដឹងពីកំហុសរបស់ខ្លួន៕




































