ភ្នំពេញ៖ បុរសស្ត្រី២នាក់ជិះម៉ូតូ២គ្រឿងបណ្ដើរនារីម្នាក់ជិះម៉ូតូឆាលីមួយគ្រឿងជូនទៅផ្ទះស្រាប់តែមកដល់ចំណុចស្ដុបចំការមនក៏ត្រូវរថយន្តធុនត្រាមួយគ្រឿងបើកក្នុងល្បឿនលឿនបុកប៉ះម៉ូតូឆាលីដួលអូសជាង១០ម៉ែត្ររងរបួសរលាត់ដៃជើង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី៨ខែមករាឆ្នាំ២០១៥ ត្រង់ចំណុចមុខក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ តាមបណ្ដោយផ្លូវព្រះនរោត្ដម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុមានបុរសស្ត្រី២នាក់ជិះម៉ូតូ២គ្រឿងជូននារីម្នាក់ជិះម៉ូតូឆាលី ពណ៌ស ចេញពីធ្វើការនៅម្ដុំផ្សារកាប់គោទៅផ្ទះនៅម្ដុំក្បាលថ្នល់ ស្រាប់តែមកដល់ចំណុចកើតហេតុមានរថយន្តមួយគ្រឿងម៉ាកធុនត្រា ពណ៌ស្ករ មិនមានស្លាកលេខ បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្ដម ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនក៏បុកប៉ះម៉ូតូឆាលីដែលនារីរងគ្រោះកំពុងជិះចំពីក្រោយដួលអូសទៅមុខជាង១០ម៉ែត្របណ្ដាលអោយរងរបួសរលាត់ដៃជើង ឃើញដូចនោះបុរសដែលជិះម៉ូតូជូនទៅផ្ទះក៏ជិះម៉ូតូទៅឈប់ពីមុខរថយន្តដើម្បីអោយនៅធ្វើការដោះស្រាយ។
បន្ទាប់ពីកើតហេតុភាគីទាំង២បានតឹងសរសៃកដាក់គ្នាមួយសន្ទុះ បង្កអោយមានការភ្ញាក់ផ្អើល ហើយក៏សម្រេចដោយភាគីខាងរថយន្តព្រមសងសំណង២០ដុល្លារទៅភាគីរងគ្រោះដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕



































