ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលនគរបាលស្រះចកបានធ្វើការឃាត់ខ្លួនជនសង្ស័យ ម្នាក់ នៅចំណុចទល់មុខនឹងទីតាំងរដ្ឋាករទឹកស្វយ័តភ្នំពេញ ស្ថិតក្នុងភូមិសង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីវេលាម៉ោង ១០ និង ៣០នាទីព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៥ បន្ទាប់ពី
ជនសង្ស័យរូបនេះ កំពុងធ្វើសកម្មភាពចែកចាយគ្រឿងញៀនតាមដងផ្លូវសាធារណៈ។
សមត្ថកិច្ចបានអោយដឹងថា មុននឹងឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើគឺ ដំបូងឡើយ កម្លាំងសមត្ថកិច្ចបានជិះល្បាតក្នុងមូលដ្ឋាន ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន ខណៈមក ដល់ចំណុចកើតហេតុស្រាប់តែប្រទះឃើញ ជនសង្ស័យរូបនេះកំពុងធ្វើសកម្មភាពចែកចាយគ្រឿង ញៀន តាមដងផ្លូវយ៉ាងអាធិបតេយ្យ ទើបសមត្ថកិច្ចធ្វើការស្ទាក់ចាប់ឃាត់ខ្លួនបានភ្លាមៗ នៅនឹងកន្លែង តែម្តងទៅ ។ ហើយក្នុងការឃាត់ខ្លួននេះដែរសមត្ថកិច្ចបានរកឃើញថ្នាំញៀន៣កញ្ចប់ និងទូរស័ព្ទ Nokia ចំនួនមួយគ្រឿងនៅលើខ្លួនជនសង្ស័យ ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងដែលដកហូតបាន ត្រូវបានសមត្ថកិច្ចបញ្ចូនទៅកាន់អធិការដ្ឋាន នគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿង បញ្ចូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ៕


































