ភ្នំពេញ៖ បុរស២នាក់បានរងរបួសធ្ងន់ និងស្រាល ខណៈកំពុងជិះម៉ូតូក្នុងល្បឿនលឿនស្រាប់តែមានរថយន្តមួយគ្រឿងបើកនៅពីមុខបត់ត្រឡប់ក្រោយភ្លាមៗ ក៏ជ្រុលទៅបុកចំពេញទំហឹង ហើយរថយន្តក៏បានចេញពីកន្លែងកើតហេតុដោយមិននៅទទួលខុសត្រូវឡើយ។ ហេតុការណ៍
នេះបានកើតឡើងកាលពីវេលាម៉ោង១២រំលងអាធ្រាត្រឈានចូលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៥ ត្រង់ចំណុចក្បែរខារ៉ាអូខេ នគរសំរិទ្ធ តាមបណ្ដោយផ្លូវលេខ១៨២ ស្ថិតក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានបុរស២នាក់ជិះម៉ូតូ
មួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពាក់ស្លាកលេខកំពង់ឆ្នាំង 1C-2270 ធ្វើដំណើរយ៉ាងលឿនតាមបណ្ដោយផ្លូវលេខ១៨២ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុក៏មានរថយន្តមិនចាំម៉ាកមួយគ្រឿង នៅពីមុខបំរុងបត់ត្រឡប់ក្រោយ ក៏ធ្វើឲ្យបុរសភាគីម៉ូតូខាងលើចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុករថយន្តពីក្រោយដួលបោកផ្ទប់នឹងថ្នល់ បណ្តាលឲ្យបុរសម្នាក់បាក់ជើង និងម្នាក់ទៀតរលាត់ដៃជើងរងរបួសស្រាល ចំណែករថយន្តឃើញដូច្នេះក៏បានបន្ថែមល្បឿនគេចបាត់ភ្លាមៗពីកន្លែងកើតហេតុដោយមិនទទួលខុសត្រូវឡើយ។
ក្រោយកើតហេតុ ប្រជាពលរដ្ឋក៏បានហៅរថយន្តសាមុយមកដឹកជនរងគ្រោះទៅមន្ទីរពេទ្យព្យាបាលរបួស ចំណែកយុវរងរបួសស្រាលក៏បានជិះម៉ូតូទៅតាមពីក្រោយរថយន្តសាមុយផងដែរ ដោយចាំទៅដាក់ពាក្យបណ្ដឹងនៅពេលក្រោយ៕



































