រោងចក្រ​ផលិត​មី​ម៉ា​ម៉ា​នៅក្នុង​ខណ្ឌ​ដង្កោ​រង​ការរិះគន់​ពី​ប្រជាពលរដ្ឋ​ថា កំពុង​បំពុលបរិស្ថាន​ជុំវិញ​

​ភ្នំពេញ​៖​រោងចក្រ​ផលិត​មី​ម៉ា​ម៉ា​របស់​ក្រុមហ៊ុនប្រេ​ស៊ីដេន​ហ្វូដ​(​ខេ​ម​បូឌា​)​ខូ​អិល​ធី​ឌី ដែល​មាន​ទីតាំងនៅ​តាម​បណ្តោយ​ផ្លូវ​២១៧ ស្ថិតក្នុង​ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​បាន​រង​នូវ​ការរិះគន់​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ថា រោងចក្រ​ផលិត​មី​ម៉ា​ម៉ា​នេះ បាន​បង្ហូរ​

កាកសំណល់​ចូល​អាង​ស្តុក​ទឹក​នៅ​ក្នុង​រោងចក្រ​បណ្តាល​ឲ្យ​ជះក្លិន​ជូរ​ស្ទើរ​ទ្រាំ​មិន​បាន និង​បង្ហុយផ្សែង​ប្រេង​ខ្មៅ​ធ្វើឲ្យ​កាកសំណល់​ផ្សែង​នោះ​ហុយ​មកលើ​ផ្ទះសម្បែង​របស់​ពួកគាត់ ព្រមទាំង​មាន​ការ​បំពង​សម្លេង​ម៉ាស៊ីន​ឡើង​ទ្រហឹង​ស្ទើរ​ស្តាប់​អ្វី​មិន​បាន​ឡើយ​។​
​    ​ស្ត្រី​ម្នាក់​ជា​ពលរដ្ឋ​រស់នៅក្នុង​បុរី​សម្បួណ៏មាស​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់ឲ្យដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៦​មិនា​ថា ជញ្ជាំង​ផ្ទះ​របស់​អ្នកស្រី​មើល​លែង​យល់​ហើយ ព្រោះ​វា​ប្រឡាក់​ដោយ​ចំហេះ​ផ្សែង​ប្រេង​ខ្មៅ​ដែល​ហុយ​ចេញពី​បំពង់ផ្សែង​ពីរ​របស់​រោងចក្រ​ផលិត​មី​ម៉ា​ម៉ា​របស់​ក្រុមហ៊ុនប្រេ​ស៊ីដេន​ហ្វូដ​(​ខេ​ម​បូឌា​)​ខូ​អិល​ធី​ឌី​នេះ គឺ​នៅ​ក្បែរ​ផ្ទះ​របស់​អ្នកស្រី​តែម្តង​។ 
​ស្ត្រី​ដដែល​ប្រាប់​បន្តថា មិន​ត្រឹមតែ​រឿង​ផ្សែង​ប្រេង​ខ្មៅ​ប៉ុណ្ណោះ​ទេ ក្រៅពីនេះ​ក៏​នៅ​មាន​ធំក្លិន​ស្អុយ​ឡើង​ជូរ​ស្ទើរ​ទ្រាំ​ដកដង្ហើម​មិនបាន ហើយ​ក្លិន​ទាំងនេះ គឺ​ក្លិន​កាកសំណល់​មី​ដែល​គេ​បង្ហូរ​ចូលក្នុង​អាង​មួយ​ក្នុង​រោងចក្រ​នេះ​ផ្ទាល់​តែម្តង ដែល​ក្លិន​កាកសំណល់​នេះ ក៏​បាន​ឲ្យ​ប៉ះពាល់​ដល់​សុខភាព និង​បរិស្ថាន​ជុំវិញ​ការរស់នៅ​របស់​ក្រុមគ្រួសារ​អ្នកស្រី​ក៏​ដូច​ជា​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​បុរី​នេះ​ផងដែរ​។​
​    ​ពិនិត្យមើល​ស្ថានភាព​ទាំង​ក្នុង​និង​ក្រៅ​ផ្ទះ​របស់​អ្នកស្រី​ឯណោះ​វិញ កូនប្រុស​របស់​អ្នកស្រី​ក៏​បាន​អះអាង​ឲ្យដឹង​ដែរថា នៅ​តាម​បង្អួច​ផ្ទះ​និង​បន្លោះ​ព្រិល​ត្រូវ​បាន​ចង​សំណាញ់​ខៀវ ដើម្បី​ទប់ស្កាត់​នូវ​ការ​ហុយ​ចំហេះ​ប្រេង​ខ្មៅ​ចូល​ផ្ទះ ហើយ​ពេល​ហុយ​ចូល​ផ្ទះ​នៅលើ​ជញ្ជាំង​ប្រឡាក់​សុទ្ធតែ​ប្រេងម៉ាស៊ីន​ខ្មៅ ក្នុង​១​ថ្ងៃ​ជូត​៣​ទៅ​៤​ដង​ឯណោះ​ហើយ​ជូត​មិន​ងាយ​ជ្រះ​ទេ ។ ចំហេះ​ប្រេង​ខ្មៅ​នេះ​មិន​ធម្មតា​ទេ មិន​ដូច​ចំហេះ​ធ្យូង​យើង​ទេ ពេល​ប្រឡាក់​ដៃជើង​យើង និង​សម្លៀកបំពាក់​ពេល​ជូត​ប្រឡាក់​សុទ្ធតែ​ប្រេង​។​
​    ​ពាក់ព័ន្ធ​ទៅ​និង​ករណី​ខាងលើ​នេះ​មន្ត្រី​ជំនាញ​របស់​មន្ទីរ​បរិ​ស្ថាន​រាជធានី​ភ្នំពេញ​បាន​លើកឡើង​ឲ្យដឹងថា លោក​ក៏​បាន​យល់​ស្រប​ទៅនឹង​ការរិះគន់​របស់​ប្រជាពលរដ្ឋ ហើយ​លោក​ក៏​បាន​ចុះ​ពិនិត្យឃើញថា រោងចក្រ​នេះ​មាន​អាង​ប្រព្រឹតិ្ត​កម្មសំណល់​រាវចំនួន​៤​កន្លែង​នៅក្នុង​រោងចក្រ​ហើយ​។ ប៉ុន្តែ​រោងចក្រ​បាន​បង្ហូរ​កាកសំណល់​ទាំងនេះ​ចេញពី​អាង​ប្រព្រឹតិ្ត​កម្មសំណល់​រាវ​ចូលទៅ​ក្នុង​ស្រះ​ក្បែរ​នោះ ហេតុ​ដូច្នេះ​ធ្វើឲ្យ​ធំក្លិន​ស្អុយ​ជូរ​បង្ក​ផលប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ជុំវិញ ក៏ដូចជា​ប៉ះពាល់​ដល់​បរិស្ថាន និង​អាកាសធាតុ​យ៉ាងខ្លាំង​ផង​ដែរ​។​
​មន្ត្រី​ជំនាញ​ដដែល​ក៏​បាន​បញ្ជាក់​ឲ្យដឹង​ទៀត​ថា ចំណុច​មួយទៀត​ឡ​ចំនួន​ពីរ​ដែល​យើង​ឃើញ​បំពង់​ស៊ី​ម៉ាំង​បង្ហុយផ្សែង​ទៅលើ​អាកាស​នោះ ក៏​ធ្វើឲ្យ​ប៉ះពាល់​ផងដែរ ពីព្រោះថា រោងចក្រ​នេះ​គេ​អត់​ប្រើ​អូស​ដុត​ទេ គឺ​គេ​ប្រើ​ប្រេង​ខ្មៅ ហេតុ​ដូច្នេះ​ពេល​រោងចក្រ​ដំណើរការ​ម្តងៗ គឺ​ផ្សែង​តែង​ហុយ​ឡើង​លើ​នាំឲ្យ​ប៉ះពាល់​សុខភាព ដូចជា​ធ្វើឲ្យ​ប្រឡាក់​សម្លៀកបំពាក់ និង ជញ្ជាំង​ផ្ទះ​របស់​ប្រជាពលរដ្ឋ​។ ដោយឡែក​នៅ​ពេល​យ​ប់រោ​ង​ចក្រ​នេះ​បាន​បញ្ឆេះ​ម៉ាស៊ីន​បំពង​សម្លេង​ថែមទៀត បញ្ហា​ទាំងអស់​នេះ​គឺជា​បញ្ហា​រំខាន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ។ ម្យ៉ាងវិញទៀត​រោងចក្រ​ធ្វើ​ទាន់​គ្រប់​លក្ខណៈ​បច្ចេកទេស​ទាំងអស់​ដូចជា អាង​ប្រព្រឹតិ្តកម្ម​សំណល​រាវ​ជាដើម​។ 
​មន្ត្រី​ជំនាញ​ខាងលើ​ប្រាប់​បន្តថា បើ​ចង់​កុំ​ឲ្យ​ប៉ះពាល់​ធំក្លិន​ស្អុយ គឺ​ខាង​រោងចក្រ​ត្រូវរ​កឡាន​បូម​លូ​មក​បូមទឹក​កាកសំណល់​នោះ​ចេញពី​ស្រះ ហើយ​រោងចក្រ​ត្រូវ​សាងសង់​អាង​ប្រព្រឹតិ្ត​កម្មសំណល់​រាវ​ឡើងវិញ សមស្រប​ទៅនឹង​បទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ និង​រៀង​ចំ​ស្រះ​ស្តុក​ទឹក​កាកសំណល់​ឲ្យបាន​ត្រឹមត្រូវ​ផងដែរ​។​
​ជាមួយ​នេះ​ដែរ​មន្ត្រី​ជំនាញ​ដដែល​ក៏​បាន​ពន្យល់​ឲ្យដឹងថា រោងចក្រ​ផលិត​មីនេះ​បើក​ដំណើរការ​តាំង​ឆ្នាំ​២០០១​មកម្ល៉េះ ដោយ​មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​បរិស្ថាន និ​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល​ត្រឹមត្រូវ ក៏ប៉ុន្តែ​កាលណោះ​នៅ​តំបន់​នេះ​ពុំ​មាន​ពលរដ្ឋ​រស់នៅ​ក្បែរៗ​នោះទេ​។ បច្ចុប្បន្ន​មាន​បុរី​នៅក្បែរ​រោងចក្រ​នេះ ហេតុ​ដូច្នេះ​វា​ត្រូវតែ​មាន​ការប៉ះពាល់​បរិ​ស្ថាន​ជុំវិញ​ក្នុង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ហើយ​។​
​    ​តាមរយៈ​ការចុះផ្សាយ​ព័ត៌មាន​នេះ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​បុរី​សម្បួណ៏មាស​ក៏ដូចជា​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នេះ ស្នើរ​សុំ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​ធ្វើ​យ៉ាងណា​ជួយ​ពិនិត្យមើល​រោងចក្រ​នេះ​ផង ចៀសវាង​បង្ក​ផលប៉ះពាល់​ដល់​ការរស់នៅ​របស់​ពួកគាត់​៕​

01 02