ភ្នំពេញ ៖ បុរសនារី២នាក់ជិះរថយន្តហ្វ័តរ៉េនជ័រមួយគ្រឿងបុករបងផ្ទះប្រជាពលរដ្ឋរងការខូចខាត ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃទី១១ខែមករាឆ្នាំ២០១៥ ត្រង់ចំណុចមុខផ្ទះលេខ១ តាមបណ្ដោយផ្លូវលេខ៣៩០ ស្ថិតក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន។
ប្រភព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មានរថយន្តមួយគ្រឿងម៉ាកហ្វ័តរ៉េនជ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ បណ្ដោះអាសន្ន 4610 ជិះធ្វើដំណើរដោយបុរសនារី២នាក់ តាមបណ្ដោយផ្លូវលេខ៩៥ ទិសដៅពីត្បូងទៅជើងរួចក៏បានបត់ឆ្វេងទៅផ្លូវ៣៩០ ស្រាប់តែរថយន្តរ៉េចង្កូតបុកទំលុះរបងដែកផ្ទះប្រជាពលរដ្ឋបាក់រងការខូចខាត ហើយរថយន្តរងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុងនិងផ្ទុះពោងសុវត្តិភាពទាំង២។
ប្រភពព័ត៌មានខ្លះបានអោយដឹងថារថយន្តនេះបើកគេចសត្វឆ្កែក៏ជ្រុលទៅបុករបងផ្ទះតែម្ដង ហើយខ្លះថាសង្ស័យបុរសនារីនៅក្នុងរថយន្តមានការឈ្លោះប្រកែកគ្នាក៏ជ្រុលចង្កូតទៅបុករបងផ្ទះតែម្ដង។
បន្ទាប់ពីកើតហេតុភាគីខាងរថយន្តក៏បានធ្វើការសម្របសម្រួលជាមួយម្ចាស់ផ្ទះសងថ្លៃខូចខាតបញ្ចប់រឿងនៅកន្លែងកើតហេតុផងដែរ៕



































