ភ្នំពេញ៖ ភ្នាក់ងាររបស់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល លោក ថៃ ចំរ៉ុង បានរងនូវការគំរាមបាញ់សម្លាប់ផ្តាច់ជីវិតតែម្តង នៅក្នុងករណីគ្រោះថ្នាក់ ចរាចរណ៍ បង្កដោយនាយទាហានស័កិ្ត ៤កន្លះ ស្រវឹងជោគ បើករថយន្ត មកតាមកៀរបុករថយន្តពីចំហៀង នៅរសៀល ម៉ោង ៤ និង ១០នាទី ថ្ងៃ១១ ខែមករា ឆ្នាំ២០១៥នេះ ។
សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា លោក ថៃ ចំរ៉ុង បានបើករថយន្ត ម៉ាក វីស្ទូ មកដល់ត្រង់ចំណុច រង្វង់មូល កាំភ្លើងគួចកាណុង ស្រាប់តែមានរថយន្តម៉ាក តូយ៉ាតា ហាយឡែនឌ័រ ពាក់ស្លាកលេខ ភ្នំពេញ 2W-2791 បានបើកមកវ៉ា ហើយក៏ជ្រុលចង្កូតកៀ រថយន្តរបស់លោក ថៃ ចំរ៉ុង តែម្តង។ ជនបង្កដែលបើករថយន្ត ក្នុងអាការៈស្រវឹងជោគជាំ និងបង្កគ្រោះថ្នាក់ចរាចរណ៍ ក៏បានចុះពីលើរថយន្ត ហើយបានទាញ ទូរស័ព្ទ តេហៅគ្នីគ្នា មកជួយអន្តរាគមន៍។
ប្រភពដដែលបន្តថា ក្រោយពីសុំសម្រុះសម្រួល រួចមកជនបង្កក៏បានបោះសម្តី ឲ្យជនរងគ្រោះ ថា “អញព្រមសង ហ្អែងហើយ ហ្អែងនៅចង់អន្តរាគមន៍ ដល់ថ្នាក់ណាក៏មិនឈ្នះអញដែរ”។ គ្រាន់តែនិយាយចប់ នាយទាហានសក្តិ ៤កន្លះរូបនេះ ក៏ស្ទុះទាញកាំភ្លើងវែងនៅក្នុងឡាន ដើម្បីមកគម្រាមភ្នាក់ងារយកព័ត៌មានដើមអម្ពិលតែម្តង ហើយ ក៏ធ្វើឲ្យមានការភ្ញាក់ផ្អើលពេញផ្លូវ។ បើកុំតែបានប៉ូលិសជួយអន្តរាគមន៍ទាន់ពេលវេលាម្ល៉េះ មិនដឹងមាន ហេតុការណ៍អាក្រក់អ្វី កើតឡើងនោះទេ។
ទង្វើរបស់នាយនាហានសក្តិ ៤កន្លះរូបនេះ ត្រូវបានអ្នកច្បាប់លើកឡើងថា យ៉ាងហោចណាស់ បានបង្កបទល្មើសចំនួន៣ ដែលច្បាប់មិនអាចអត់ឱនឲ្យបាន ទី១៖ បើកបររថយន្តក្នុងអាការៈស្រវឹង ទី២៖ បង្កគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកដទៃ និងទី៣៖ ដកអាវុធ(វែង) មកគម្រាមជនរងគ្រោះ ។ ទង្វើបែបគ្មានកោត ក្រែងច្បាប់ សូម្បីតែមួយក្រចកបែបនេះ សមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសស្ថាប័ន អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ គួរមានវិធានការតាមផ្លូវច្បាប់ទៅលើជនល្មើស ដែលបង្កគ្រោះថ្នាក់ដល់អ្នកដទៃហើយ បែជាដកអាវុធមកគម្រាមកំហែងទៀត ៕