អភិបាលក្រុងឡូវែល (Lowell) រដ្ឋម៉ាសាឈូសេត (Massachusetts) សហរដ្ឋអាមេរិក លោក រ៉ដនី អ៊ីលៀត (Rodney M. Elliott) នឹងមកធ្វើទស្សនកិច្ចរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៣ ដល់ ១៧ មករា។តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិចុះថ្ងៃទី១០ មករា ឲ្យដឹងថា ក្នុងពេលមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជានេះ លោក រ៉ដនី អ៊ីលៀត នឹងចូលក្រាបបង្គំគាល់ព្រះមហាក្សត្រ ព្រះបរមនាថ នរោត្តម សីហមុនី និងជួបសម្ដែងការគួរសមដោយឡែកជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសកម្ពុជា។សេចក្ដីប្រកាសព័ត៌មានឲ្យដឹងបន្ថែមថា ក្នុងអំឡុងពេលស្នាក់នៅរាជធានីភ្នំពេញ លោកអភិបាលក្រុងឡូវែល នឹងជួបដាច់ដោយឡែកជាមួយរដ្ឋមន្ត្រីមួយចំនួនទៀត ហើយនឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាមួយ ស្ដីពីការបង្កើតចំណងមេត្រីភាពរវាងរាជធានីភ្នំពេញ និងទីក្រុងឡូវែល ជាមួយលោកអភិបាលរាជធានីភ្នំពេញ ប៉ា សុជាតិវង្ស៕