ផ្លូវមួយខ្សែដែលមានប្រវែង ប្រមាណ៨គីឡូម៉ែត្រ ចេញពីចំណុចផ្លូវជាតិលេខ៥ ខាងមុខផ្សារពន្លៃ ឆ្ពោះទៅកាន់ផ្សារជើងកំពង់ឆ្នុងទ្រូ ក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដែលកន្លងមក តែងតែបានរងការខូចខាតយ៉ាងដំណំ ធ្វើអោយប្រជាពលរដ្ឋ អ្នកធ្វើដំណើរឆ្លងកាត់លើផ្លូវមួយខ្សែនេះរិះគន់យ៉ាងខ្លាំង ទៅលើអ្នកម៉ៅការវិនិយោគផ្លូវនេះ ព្រោះយកប្រាក់ដាក់ហោប៉ៅ គ្មានការអភិវឌ្ឍន៍ ។
មកដល់ពេលនេះ ដល់ពេលចប់អាជ្ញាប័ណ្ណកុងត្រា លើផ្លូវមួយខ្សែនេះ រវាងអ្នកម៉ៅការ និងអាជ្ញាធរខេត្តកំពង់ឆ្នាំង ហើយត្រូវបានក្រសួងមហាផ្ទៃ បញ្ចប់កិច្ចសន្យ ដោយដកយកផ្លូវមួយខ្សែនេះ ប្រគល់អោយអាជ្ញាធរខេត្តកំពង់ឆ្នាំង ចាត់ការប្រគល់បន្ត អោយអាជ្ញាធរស្រុកបរិបូណ៌ និងឃុំឆ្នុកទ្រូ គ្រប់គ្រងថែរក្សា អោយប្រជាពលរដ្ឋប្រើប្រាស់ជាសាធារណៈ គ្មានការបង់ភាស៊ី ពេលធ្វើដំណើរឆ្លងកាត់ផ្លូវមួយខ្សែនេះ ដូចពេលមុនទៀតឡើយ ។
ប្រជាពលរដ្ឋ ដែលតែងតែឆ្លងកាត់ផ្លូវមួយខ្សែនេះ បានសំដែងនូវក្តីសប្បាយរីករាយយ៉ាងខ្លាំងដែលអាជ្ញាធរខេត្ត បានប្រគល់ផ្លូវមួយខ្សែនេះ អោយធ្វើដំណើរទៅមកជាសាធារណៈ គ្មានការបង់កំរៃដូចមុន ។ 
ពួកគាត់បានបន្តទៀតថា ចាប់ពីពេលនេះទៅ នឹងមានភាពងាយស្រួល ក្នុងការធ្វើដំណើរចេញចូល ឬដឹកកសិផលផ្សេងៗ ឆ្លងកាត់ផ្លូវនេះ ព្រោះគ្មានការបង់ប្រាក់ដូចមុន ធ្វើអោយពួកគាត់ មិនចំណាយលុយ ពេលឆ្លងកាត់ផ្លូវមួយខ្សែនេះ ។
ប្រជាពលរដ្ឋនៅក្នុងឃុំឆ្នុកទ្រូ និងមជ្ឈដ្ឋានទូទៅ បានសំដែងនូវអំណរគុណ ដល់ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង និងក្រសួងមហាផ្ទៃយ៉ាងខ្លាំង ដែលបានយកចិត្តទុកដាក់ ដោះស្រាយផ្លូវមួយខ្សែនេះ ពីអ្នកវិនិយោគ ដើម្បីដាក់អោយប្រជាពលរដ្ឋទូទៅ ប្រើប្រាស់ជាសាធារណៈ ៕ 




































