ភ្នំពេញ៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោធ្វើការឃាត់ខ្លួន ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
ហេតុការណ៍កើតឡើង កាលពី១៩ និ៤៧នាទី យប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥ នៅមុខសាលាខណ្ឌដង្កោ ផ្លូវ២១៧ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនសង្ស័យទី១ឈ្មោះ អ៊ួន ថា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ ទីលំនៅភូមិត្រពាំងត្រាវ ឃុំពុទ្ធស ស្រុកបាទី ខេត្តតាកែវ និងទី២ឈ្មោះ ជន សៀក ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិក្រាំងពោធិ៍ ឃុំពុទ្ធស ស្រុកបាទី ខេត្តតាកែវ។
វត្ថុតាងដកហូតថ្នាំញៀន ប្រភេទក្រាមពណ៍សថ្លា ០១ថង់ ម៉ូតូ ០១ គ្រឿង ម៉ាក សេ១២៥ ស៊េរីឆ្នាំ២០១២ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BP.4432 ។
សមត្ថកិច្ចប្រាប់ឲ្យដឹងថា កាលពីយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥ វេលាម៉ោងប្រហែល ១៩ កម្លាំងសមត្ថកិច្ចចម្រុះនៃអធិការដ្ឋានខណ្ឌដង្កោធ្វើការត្រួតពិនិត្យអាវុធជាតិផ្ទុះនៅចំណុច មុខសាលាខណ្ឌដង្កោ។ លុះដល់វេលាម៉ោង ១៩ និង៤៧នាទី ក៏មានម៉ូតូ ០១គ្រឿង ម៉ាក សេ១២៥ ស៊េរីឆ្នាំ២០១២ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BP.4432 ជិះឌុបគ្នា ២នាក់ សមត្ថកិច្ច ក៏ហៅឲ្យឈប់ត្រួតពិនិត្យឆែកឆេរ ដើម្បីរកមើលវត្ថុតាងពាក់ព័ន្ធ និងបទល្មើសផ្សេងៗ ស្រាប់តែរកឃើញក្រាមពណ៍សថ្លាចំនួន ០១ ថង់ នៅក្នុងហោប៉ៅខោចំហៀងខាងស្តាំរបស់ជនសង្ស័យឈ្មោះ អ៊ួន ថា រួចសមត្ថកិច្ចក៏បានចាប់ឃាត់ខ្លួនជនសង្ស័យទាំង ២នាក់ នោះតែម្តង រួមទាំងវត្ថុតាងយកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ។
សមត្ថកិច្ចប្រាប់បន្តថា ក្រោយពីធ្វើការសួរនាំ ជនសង្ស័យទាំង ២នាក់ បានឆ្លើយ សារភាពថា នៅវេលាម៉ោង ១៩និង១០នាទី ពួកគេទាំង២នាក់ បានជិះម៉ូតូចេញពីកន្លែងធ្វើការនៅម្តុំផ្សារក្រមួន សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ទៅទិញថ្នាំញៀននៅម្តុំផ្សារ ហេង លី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ០១ថង់ តម្លៃ ១០ម៉ឺនរៀល។ ពេលទិញរួចហើយពួកគេក៏ជិះម៉ូតូ ត្រឡប់មកវិញ ដើម្បីធ្វើដំណើរទៅស្រុកកំណើតនៅខេត្តតាកែវ ស្រាប់តែជួបសមត្ថកិច្ចឆែកឆេររកឃើញវត្ថុតាង ក៏ឃាត់ខ្លួនពួកគេទាំង២នាក់តែម្តង៕
ជនសង្ស័យទាំង ២នាក់ រួមទាំងវត្ថុតាង បច្ចុប្បន្នសមត្ថកិច្ចកំពុងឃាត់ទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់៕
តារាវុទ្ធី


































