សៀមរាប : ជនសង្ស័យភេទប្រុសទាំង៤នាក់ នេះរស់នៅក្នុងស្រុកពួកខេត្តសៀមរាប។ ត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិការ ដ្ឋាននគរបាលស្រុកពួកខេត្តសៀមរាបធ្វើការបង្ក្រាបបានជាបន្តបន្ទាប់រួចប្រគល់មកអោយការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបដើម្បីចំណាត់ការទៅតាមនីតិវិធីជាបន្ត ។ លោក វរសេនីយ៍ទោ អ៊ុំ សាអាត នាយការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានអោយដឹងថាដោយអនុវត្តតាមការយកចិត្តទុកដាក់ខ្ពស់ជាប្រចាំពីសំណាក់លោក ឩត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្តសៀមរាប ក៏ដូចជាដើម្បីធ្វើអោយការអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព អោយ កាន់តែមានប្រសិទ្ធភាពខ្ពស់។ ទើបជាក់ស្តែងជនសង្ស័យភេទប្រុសទាំង៤នាក់នេះដែលជាមុខសញ្ញាបានធ្វើសកម្មភាពក្នុងករណីជួញដូរនូវសារធាតុញៀនខុសច្បាប់ទាំងអស់នេះមិនអាចរត់គេចផុតពីសមត្ថកិច្ចជំនាញបានឡើយ ។ លោក វរសេនីយ៍ទោ អ៊ុំ សាអាត បានបន្តអោយដឹងទៀតថាក្នុងកិច្ចចុះប្រត្តិបតិការណ៍ខាងលើកាលពីថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០១៥ កន្លងទៅ សមត្ថកិច្ចបានធ្វើការដកហូតបាននូវវត្ថុតាងជាក់ស្តែងពីជនសង្ស័យទាំង៤នាក់នេះបាននូវ គ្រឿងញៀន ប្រភេទម៉ាទឹកកកចំនួន១៨ កញ្ចប់ ស្មើនិង ១ , ២ ក្រាម ម៉ូតូ ១ គ្រឿង និងឩបករណ៍ប្រើប្រាស់ និងសម្រាប់ច្រកគ្រឿងញៀនមួយចំនួនទៀតផងដែរ ។ 
ដោយឡែក ជនសង្ស័យភេទប្រុសទាំងពីរនាក់នេះរស់នៅក្នុងក្រុងសៀមរាបក៏ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបធ្វើការចាប់ឃាត់ខ្លួនបានកាលពីថ្ងៃទី១៣ ខែ មករា ឆ្នាំ ២០១៥ នេះ ជាប់ពាក់ព័ន្ធក្នុងករណី ចាត់ចែងអោយប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ។ ក្នុងនោះសមត្ថកិច្ចធ្វើការដកហូតបាននូវវត្ថុតាងពីជនសង្ស័យគ្រឿងញៀន ប្រភេទម៉ាទឹកកកចំនួន ១ កញ្ចប់តូច ម៉ូតូ ២ គ្រឿង និងឩបករណ៍ប្រើប្រាស់ គ្រឿងញៀនមួយចំនួនទៀត ។ បច្ចុប្បន្នជនសង្ស័យដែលជាប់ពាក់ព័ន្ធក្នុងករណីជួញដូរនូវសារធាតុញៀនខុសច្បាប់ និង ករណី ចាត់ចែងអោយប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ទាំងពីរករណីនេះត្រូវបានសមត្ថកិច្ចក៏សាងសុំណុំរឿង បញ្ជូន ខ្លួន និង វត្ថុតាង ទាំងអស់ទៅកាន់សាលាដំបូងខេត្តសៀមរាប ដើម្បីចំណាត់ការទៅតាមផ្លូវច្បាប់បន្ត កាលពីព្រឹកថ្ងៃទី ១៤ ខែ មករា នេះ ៕ 
លោក ខេង ខេមរា



































