រថយន្ត ឡង់គ្រីស័ររងការ ខូចខាតចំហៀង ខាងស្តាំអស់ប្រមាណ៥០ភាគរយតែសំណាងល្អអ្នកបើកបរទាំងសងខាងមិនមានរងរបួស ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃទី១៣ មករា ២០១៥ នៅចំណុចទល់មុខសួនច្បារក្តានពីរ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា ។ប្រភពព័ត៌មានពីសមត្ថកិច្ចទៅពិនិត្យកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញ រថយន្តឡង់គ្រីស័រ មួយគ្រឿង ពណ៌ទឹកប្រាក់ អត់មានស្លាកលេខ បើកបរដោយបុរសម្នាក់ ធ្វើដំណើរ តាមផ្លូវA6 ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ រថយន្តឡង់គ្រីស័រ បានបើក ឆ្លង ផ្លូវសហព័ន្ធរុស្ស៊ី ក៏ត្រូវរថយន្តម៉ាកRange Rover ស៊េរីចាស់ ពណ៌កណ្តុល្មេះ ពាក់ស្លាកលេខ ត៧៤៥៤ ភព២ បើកបរដោយបុរសជនបរទេសម្នាក់ ធ្វើដំណើរតាមផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅ ពីលិចទៅកើត បុកចំហៀងខាងស្តាំរថយន្តឡង់គ្រីស័រនោះពេញទំហឹង បណ្តាលឱ្យរថយន្តឡង់ គ្រីស័ររងការខូចខាតចំហៀងខាងស្តាំអស់ប្រមាណ៥០ភាគរយ តែសំណាងល្អអ្នកបើកបរ ទាំងសងខាងមិនមានរងរបួស ។ក្រោយពេលកើតហេតុម្ចាស់រថយន្តឡង់គ្រីស័របានមកសម្របសម្រួលជាមួយបុរសជនបរទេសបើករថយន្តRange Rover ស៊េរីចាស់ ដោយម្ចាស់រថយន្តឡង់គ្រីស័រ ទាមទារឱ្យភាគីរថយន្តRange Rover សងសំណងនៃការខូចខាតរថយន្តចំនួនមួយមឺុនដុល្លារ តែបុរសបរទេសថាគ្មានលទ្ធភាព សមត្ថកិច្ចក៏បានវាស់វែងយករថយន្តទាំង២គ្រឿងទៅដោះស្រាយគ្នានៅអធិការដ្ឋានខណ្ឌ៧មករា ទៅតាមនិតិវិធីច្បាប់ ។គួរបញ្ជាក់ផងដែរថាគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តទាំងពីរគ្រឿងនេះបានធ្វើឱ្យកំណាត់វិថីសហព័ន្ធរុស្ស៊ី មានការកកស្ទះចរាចរណ៍ផងដែរចំណែកសមត្ថកិច្ចជាប់មមាញឹកនៅ ក្នុងការសម្រួលចរាចរណ៍ ជូនអ្នកធ្វើដំណើរផងដែរ ។