អាជ្ញាធរ​ថៃ​ចាប់ខ្លួន​មេដឹកនាំ​ចលនា​ប្រឆាំង​រដ្ឋាភិបាល​ជា​លើក​ទី​១

0

​នៅ​ប្រទេស​ថៃ ថ្ងៃ​ចន្ទ​នេះ អាជ្ញាធរ​ថៃ​បានប្រកាសថា បាន​ចាប់ខ្លួន​មេដឹកនាំ​ចលនា​ប្រឆាំង​រដ្ឋាភិបាល​មួយរូប ពីបទ​បាន​រំលោភបំពាន​គោលការណ៍​នៃ​ស្ថានភាព​ប្រកាសអាសន្ន​ដែល​អាជ្ញាធរ​កំពុង​ដាក់​នៅ​ក្រុង​បាងកក សព្វថ្ងៃនេះ​។ ថៃ​ទើបតែ​បាន​ចាប់ខ្លួន​មេក្រុម​ប្រឆាំង ជា​លើក​ទី​១ ប៉ុណ្ណោះ បើទោះជា​កន្លងមក អាជ្ញាធរ​បានចេញ​ដីកាចាប់ខ្លួន​ជាង​១០​មកហើយ​ក្តី​។​ ​នេះ​ជា​លើក​ទី​១​ហើយ ដែល​ប៉ូលិស​ថៃ​បាន​ចាប់ខ្លួន មេដឹកនាំ​ចលនា​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​លោកស្រី​យី​ង​ឡាក់ ក្នុងពេល​៣​ខែ​មកនេះ​។

កន្លងមក ទោះ​ជាមាន​ដីកាចាប់ខ្លួន​ចំនួន​ជាង​១០ អនុញ្ញាត​ ​អោយ​ប៉ូលិស​ចាប់ខ្លួន​មេដឹកនាំ​បាតុកម្ម​ប្រឆាំង​ជាច្រើនរូប ក៏ដោយចុះ អាជ្ញា​ធរមាន​សមត្ថកិច្ច​ទើបតែ​បានសម្រេច​ចាប់ខ្លួន​មេដឹកនាំ​ក្រុមប្រឆាំង​មួយរូប នៅពេលនេះ​តែប៉ុណ្ណោះ​។​ ​មេដឹកនាំ​ក្រុមបាតុករ​ប្រឆាំង​ដែល​ថៃ​ប្រកាសថា បាន​ចាប់ខ្លួន​នៅ​ថ្ងៃ​ចន្ទ​នេះ មាន​ឈ្មោះថា សុង​ទី​យ៉ាន ឈឿន​រូ​អេ​ថៃ​ណៃ​ថាំ​។

ប៉ូលិស​ចាត់ទុក​គាត់​ថា ជា​មេដឹកនាំ​ចលនា​ប្រឆាំង​សំខាន់​ទី​២​។ លោក​សុង​ទី​យ៉ាន​រង​ការចោទប្រកាន់ថា បាន​រំលោភបំពាន​គោលការណ៍​នៃ​ស្ថានភាព​ប្រកាសអាសន្ន ដែល​កំពុងតែ​ដាក់​នៅ​ក្រុង​បាងកក សព្វថ្ងៃនេះ​។

គួររំលឹកថា ដើម្បី​ទប់ស្កាត់​ចលនា​ក្រុមបាតុករ អាជ្ញាធរ​ថៃ​បានដាក់​ក្រុង​បាងកក និង​ទីកន្លែង​ដទៃទៀត​ស្ថិត​នៅជាប់​ក្រុង​បាងកក អោយ​ស្ថិតក្នុង​ស្ថានភាព​ប្រកាសអាសន្ន​រយៈពេល​៦០​ថ្ងៃ គិត​ចាប់​ពីថ្ងៃ​២៣​មករា​កន្លងមក​។ គោលការណ៍​ស្ថានភាព​ប្រកាសអាសន្ន ហាមឃាត់​មិនអោយ​មានការ​ជួបជុំ​គ​ញ​នា នៅតាម​កន្លែង​មួយចំនួន ក្នុង​ទីក្រុង​បាងកក​នោះទេ​។

ហើយ​ស្ថានភាព​ប្រកាសអាសន្ន​នេះ អនុញ្ញាតអោយ​ប៉ូលិស​ឃុំ​ជនសង្ស័យ​បាន​១​ខែ ដោយ​មិនចាំបាច់​រង់ចាំ​អោយមាន​ការដាក់​ពិរុទ្ធ​អ្វី​ឡើយ​។​ ​កន្លងមក អាជ្ញាធរ​ថៃ​ធ្លាប់​ចេញ​ដីកា​ចំនួន​៣ អោយ​ចាប់ខ្លួន​លោក​ស៊ូ​ថេប ដែលជា​មេដឹកនាំ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល ដ៏​សំខាន់​។ លោក​ស៊ូ​ថេប បាន​ផ្គើន​អាជ្ញាធរ​ថៃ​អោយ មក​តាមរក​ចាប់​រូបលោក​។ លោក​ស៊ូ​ថេប​នៅតែ​បន្ត​ដើរ​ដង្ហែ​ក្បួន​បាតុកម្ម នៅតាម​ដងផ្លូវ​ជាច្រើន នៅ​ក្រុង​បាងកក​ដដែល​។

គាត់​ជា​អ្នក​ទាមទារ​អោយមាន​ក្រុមប្រឹក្សា​ប្រជាជន​មួយ ដោយ​មិនចាំបាច់​ឆ្លងកាត់​ការបោះឆ្នោត អោយ​ក្រុមប្រឹក្សា​ប្រជា​ជននេះ ដឹកនាំ​ប្រទេស​ជំនួស​រដ្ឋាភិបាល​លោកស្រី​យី​ង​ឡាក់​។ ​ការបោះឆ្នោត​សភា​មុន​កាលកំណត់ នៅ​ថ្ងៃ​២​កុម្ភៈ​កន្លងទៅ មិនបាន​ជួយ​ដោះស្រាយ​វិបត្តិ​នយោបាយ​ក្នុងស្រុក​ឡើយ​។

ក្រុមបាតុករ​បាន​រាំងស្ទះ​ដំណើរការ​បោះឆ្នោត នៅតាម​ការិយាល័យ​បោះឆ្នោត​១០​ភាគរយ រាំងស្ទះ​មិនអោយ​មានការ​ផ្សព្វផ្សាយ​លទ្ធផល​នៃ​ការបោះឆ្នោត ធ្វើអោយ​រដ្ឋាភិបាល​លោកស្រី​យី​ង​ឡាក់ នៅតែ​បន្ត​គ្រប់គ្រង​ប្រទេស តែ​អំណាចរដ្ឋាភិបាល​មាន​ព្រំដែន​កំណត់​៕​ ​2014-02-03T124451Z_2096753774_GM1EA231L0H01_RTRMADP_3_THAILAND-PROTEST