បន្ទាយមានជ័យ ៖ ប្រតិបត្ដិការរួមគ្នា រវាងនគរបាលការិយាល័យប្រឆាំងការជួញ ដូរគ្រឿងញៀន នៃស្នងការ ដ្ឋាននគរបាល ខេត្ដបន្ទាយមានជ័យ និងនគរបាលក្រុងប៉ោយប៉ែត បានតាមចាប់មុខសញ្ញា ចែកចាយគ្រឿងញៀន ដ៏សកម្ម ម្នាក់ព្រមទាំងដកហូតប្រភេទថ្នាំញៀន ក្រាមពណ៌សថ្លា ចំនួន១៣កញ្ចប់ ពីជនសង្ស័យ ។
ប្រតិបត្ដិការតាមបង្ក្រាបមុខសញ្ញាជួញ ដូរថ្នាំញៀនដែលធ្វើឱ្យគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ ដល់សង្គមជាតិនោះ បាន កើត ឡើងកាលពីរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៥ ស្ថិតនៅខាងជើងស្ដង់តាងួន ចម្ងាយ២០០ម៉ែត្រ ភូមិបាលិលេយ្យ២ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ ។
នាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្ដបន្ទាយមានជ័យ ដែលដឹកនាំកម្លាំងបង្ក្រាបករណីនេះ លោកធិន ស៊ិនដេត បានបញ្ជាក់ថា ជនសង្ស័យ អន យ៉ុង អាយុ២៩ឆ្នាំ បច្ចុប្បន្នរស់នៅភូមិក្បាលស្ពាន សង្កាត់-ក្រុង ប៉ោយប៉ែត ត្រូវបាន ចាប់ខ្លួនរួមជាមួយវត្ថុតាងគ្រឿងញៀន ក្រោយពីកម្លាំង នគរបាលរបស់លោកនិងនគរបាលក្រុងប៉ោយប៉ែត បានបើកការស្រាវជ្រាវ និងដេញបង្ក្រាបបានដោយជោគជ័យ ។
នាយការិយាល័យរូបនេះ បានបញ្ជាក់ថា ក្រៅពីការដកហូតថ្នាំញៀនទាំង១៣កញ្ចប់ សមត្ថកិច្ចរបស់លោក ក៏បានដកហូតទូរស័ព្ទ ដៃចំនួន៥គ្រឿង ទែម៉ូម៉ែត្រ១ ដែកកេះ១ និងសំបកកូនថង់ប្លាស្ទិច ចំនួន៧ ។
លោកធិន ស៊ិនដេត បានបញ្ជាក់ថា ក្រោយទទួលបានព័ត៌មាន ពីមុខសញ្ញាជួញដូរ ថ្នាំញៀនខាងលើនេះ ស្នងការនគរបាលខេត្ដបន្ទាយមានជ័យ បានដាក់បទបញ្ជាភ្លាមៗ និងមានការឯកភាព ពីតំណាងអយ្យការផង នោះ ក៏បើកប្រតិបត្ដិការតាមស្រាវជ្រាវនិងបង្ក្រាបមុខសញ្ញានេះតែម្ដង ។
ក្រោយឃាត់ខ្លួនអមដោយវត្ថុតាងនោះ ជនសង្ស័យ ត្រូវបានឃុំខ្លួនជាបណ្ដោះអាសន្ន នៅស្នងការដ្ឋាននគរបាល ខេត្ដបន្ទាយមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ តុលាការផ្ដន្ទាទោសតាមផ្លូវច្បាប់ ។
ចំពោះបទល្មើសគ្រឿងញៀន លោក ឧត្ដមសេនីយ៍ អាត់ ខែម បានបង្ហាញពីជំហរ ដ៏ម៉ឺងម៉ាត់លើការបង្ក្រាបដល់ទី បញ្ចប់តាម បណ្ដាស្រុកក្រុង ធ្វើយ៉ាងណា ឱ្យបទល្មើស ដែលបំផ្លាញសង្គមជាតិនោះ មានការចុះថយ និងឈាន ទៅដល់ការលុបបំបាត់ ។
លោកស្នងការក៏បានដាក់បទបញ្ជាឱ្យ នគរបាលជំនាញ និងនគរបាលតាមបណ្ដា ស្រុកក្រុង ពួតដៃគ្នាបើកការ ស្រាវជ្រាវនិង ស៊ើបអង្កេតតាមគោល ដើម្បីបង្ក្រាបនិងចាប់ខ្លួនជនល្មើសទាំងនេះ យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់



































