លោកស័រហ្គេយ ឆយហ្គូ រដ្ឋមន្ត្រីការពារប្រទេសរុស្ស៊ីថ្លែងកាលពីថ្ងៃទី១៨មករា ថា ប្រទេសរុស្ស៊ីនឹងអាចប្តឹងបារាំងចំពោះតុលាការ ប្រសិនបើបារាំងមិនប្រគល់ឱ្យខ្លួននូវនាវាផ្ទុកឧទ្ធម្ភាគចក្រធុន MISTRAL ក្នុងរយៈពេល៦ខែខាងមុខទេនោះ ។
ដកស្រង់សម្តីដោយ ទីភ្នាក់ងារព័ត៌មាន INTERFAX លោកឆយហ្គួ និយាយថា រាល់វិធានការបច្ចុប្បន្នត្រូវបានប្រកាន់យកយោងទៅតាមកុងត្រា ហើយប្រសិនបើកុងត្រានេះពុំត្រូវបានអនុវត្តទេ នោះយើងនឹងដាក់ពាក្យប្តឹង ។ រដ្ឋមន្ត្រីរូបនេះគិតថា ដំណើរការប្តឹងអាចរង់ចាំ៦ខែទៀត ។
កាលពីខែមុន ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោកឌីមីឌ្រី រ៉ូហ្គោហ្ស៊ីន ធ្លាប់ថ្លែងថា ប្រទេសរបស់លោកនឹងលែងបញ្ជាទិញបណ្តាឧបករណ៍យោធា ដែលធ្លាប់ធ្វើចំពោះបណ្តាប្រទេសក្រៅហើយ ។ លោកពោលថា សភាពការណ៍បច្ចុប្បន្នជាមួយនាវា MISTRAL បង្ហាញពីភាពត្រូវលែងចំណុះលើបច្ចេកវិទ្យារបស់ប្រទេសក្រៅណាមួយ ។
ប្រទេស បារាំងបានផ្អាកដោយគ្មានកាលកំណត់នូវការប្រគល់នាវាធុន MISTRAL ដំបូងមួយឱ្យដល់រុស្ស៊ីដែលគ្រោងធ្វើនាខែវិច្ឆិកាកន្លងទៅ មកពីវិបត្តិនៅអ៊ុយក្រែន និងតួនាទីរបស់រុស្ស៊ីដែលគាំទ្រពួកបំបែកខ្លួននិយមទៅភាគខាងកើត អ៊ុយក្រែន ។
បណ្តាសម្ព័ន្ធមិត្តលោកខាងលិចរបស់បារាំងចង់ឱ្យ បារាំងលុបចោលកុងត្រាមានទឹកប្រាក់១,២ពាន់លានអឺរ៉ូ ដែលចុះហត្ថលេខាកាលពីឆ្នាំ២០១១នោះ ៕