ខេត្តកំពង់ស្ពឺ ៖ បុរសចំណាស់ម្នាក់ជាអ្នកចាំចំការឱ្យគេផឹកស្រាស្រវឹងអាង ខ្លួនចេះក្បាច់គុនបានបបួលមិត្តភក្តិសាកក្បាច់គុនគ្នារហូត ធ្លាក់ខ្លួនឈឺធ្ងន់ ហើយបានស្លាប់កាលពីយប់ថ្ងៃទី១៨ មករា ក្រោយពីក្រុមគ្រួសារបញ្ជូនទៅព្យាបាលបាន២ថ្ងៃ។
ហេតុការណ៍សាកក្បាច់គុនគ្នានេះបានកើតឡើងតាំងពីថ្ងៃទី១៦ មករា នៅភូមិទឹកថ្លា ឃុំដំបូករូង ស្រុកភ្នំស្រួច។ បុរសចំណាស់ដែលស្លាប់ដោយសារសាកក្បាច់គុននោះឈ្មោះសុង វ៉ាត អាយុ៦១ឆ្នាំ ជាអ្នកចាំចំការឱ្យគេនៅភូមិទឹកថ្លា ឃុំដំបូករូង ស្រុកភ្នំស្រួច រីឯមិត្តភក្តិដែលសាកក្បាច់គុនជាមួយឈ្មោះងួន ណាង អាយុ៤៥ឆ្នាំ។
តាមក្រុមគ្រួសារជនរងគ្រោះបានឱ្យដឹងថា មុនពេលស្លាប់ជនរងគ្រោះបានផឹកស្រាជុំគ្នាជាមួយមិត្តភក្តិនៅ ចំណុចខាងលើ លុះពេលស្រវឹងបានអួតថា ខ្លួនចេះក្បាច់គុន ក៏បបួលមិត្តភក្តិឈ្មោះងួន ណាង សាកក្បាច់គុនគ្នា ពេលនោះឈ្មោះងួន ណាង ក៏យល់ព្រម ដោយវាយគ្នារហូតទ្រមខ្លួន តែដោយសារជនរងគ្រោះមានជំងឺទឹកនោមផ្អែម និងលើសឈាមផងក៏បានធ្លាក់ខ្លួនឈឺធ្ងន់រហូតដាច់ខ្យល់ស្លាប់តែ ម្តងទៅ៕



































