កំពង់ឆ្នាំង៖ ភ្ញៀវទេសចរណ៏បរទេសសញ្ជាតិបារាំង២នាក់ប្តីប្រពន្ឋបានរងរបួសស្រាល ក្នុងឧប្បត្តិហេតុ
ក្រឡាប់រទេះគោដឹកភ្ញៀវទេសចរណ៏មួយគ្រឿង នៅពេលសត្វគោអូសរទេះនោះបានផ្អើលនិងសំបកកង់ម៉ូតូដែលក្មេងបង្វិលលេងរត់ទៅបុកចំជើងគោ។ហេតុការណ៏យ៉ាងកម្រមួយនេះបានកើតឡើងនៅវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ នៅលើផ្លូវលំស្ថិត
ក្នុងភូមិអ្នកតាហាង ឃុំកំពង់ត្រឡាចក្រោម ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
លោក ហ៊ុល វាសនា អធិការនគរបាលស្រុកកំពង់ត្រឡាចបាននិយាយអោយដឹងថា៖ឧប្បត្តិហេតុនេះបានកើតឡើង ដោយសត្វគោអូសរទេះមួយគ្រឿងនោះបានផ្អើលនិងសំបកង់ដែលក្មេងបង្វិលលេងរត់បុកចំជើងគោ ធ្វើអោយគោផ្អើលបោលក្រឡាប់រទេះធ្លាក់ពីលើផ្លូវលំមានកំពស់៣ម បណ្តាលជនជាតិបារាំងទាំង២នាក់ប្តីប្រពន្ឋជាភ្ញៀវទេសចរណ៏រងរបួសស្រាល ដែលបុរសប្តីមានឈ្មោះ Gilber អាយុ៦១ឆ្នាំ រងរបួសក្បាលផ្នែកខាងក្រោយ និងប្រពន្ឋមានឈ្មោះMarie Lawis Rochard អាយុ ៦០ឆ្នាំ រងរបួសក្បាលនិងឆ្អឹងជំនីឆ្វេង។ចំណែកម្ចាស់រទេះគោមានឈ្មោះ ញ៉ែម ហ៊ុន អាយុ៤៥ឆ្នាំមានទីលំនៅ ភូមិអ្នកតាហាងបានរងរបួសស្រាលផងដែរ។ជនបរទេសទាំង២នាក់ប្តីប្រពន្ឋត្រូវបានអ្នកដឹកនាំភ្ញៀវទេសចរណ៍ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យក្រុងភ្នំពេញជាបន្ទាន់ភ្លាមៗដែរ។ 
លោកអធិការបានអោយដឹងទៀតថា៖ ជារៀងរាល់ថ្ងៃមានភ្ញៀវទេសចរណ៏ជិះកប៉ាល់តាមផ្លូវទឹក ពីភ្នំពេញទៅខេត្តសៀមរាប តែងបានមកឈប់សំចតនៅឃុំកំពង់ត្រឡាចក្រោម ហើយអ្នកដឹកនាំភ្ញៀវបានអោយភ្ញៀវទេសចរណ៏ជិៈរទេះគោកំសាន្តទៅទស្សនាវត្តកំពង់ត្រឡាចក្រោម ដែលជាវត្តបុរាណដ៏ចំណា ស់ជាងគេមួយ និងមានគំនូរបុរាណនៅលើជញ្ជាំងព្រះវិហារដែលរក្សាពណ៌នៅល្អរាប់រយឆ្នាំមកហើយ។ នៅក្នុងមួយលើកៗមានភ្ញៀវបរទេសជិៈរទេះគោដែលមានរៀបចំលំអរ និងបានចងក្រង ជាសហគមន៏ សម្រាប់ដឹកភ្ញៀវទេសចរណ៍ទាំងនោះ រាប់សឹបគ្រឿង និងមិនដែលមានហេតុការណ៏អ្វីកើតឡើងទេទើបតែថ្ងៃនេះក៏មានហេតុការណ៍ដែលមិនគួរកើតបានកើតឡើងដូចខាងលើនេះ។ 
សមត្ថកិច្ចនគរបាលស្រុកកំពង់ត្រឡាចបាននិយាយអោយដឹងនៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៥នេះថា៖ជនបរទេសទាំង២នាក់ប្តីប្រពន្ឋនោះបានធូរស្រាលនិងបានត្រឡប់មកពីមន្ទីរពេទ្យក្រុងភ្នំពេញវិញហើយ និងបានប្រាប់សមត្ថកិច្ចថា៖ពួគគាត់មិនប្តឹងផ្តល់ម្ចាស់រទេះគោនោះទេ និងសូមកុំអោយសមត្ថកិច្ចទៅរករឿងអ្នក បររទេះគោនោះទៀតផង មុននឹងពួកគាត់ឡើងជិះកប៉ាល់បន្តដំណើរទៅកំសាន្តនៅខេត្តសៀមរាបជាបន្តទៀតនោះ។
ករណីគ្រោះថ្នាក់ខាងលើនេះអាជ្ញាធរមូលដ្ឋានបានវាយតម្លៃថា មិនអាចធ្វើអោយប៉ះពាល់ដល់វិស័យទេសចរណ៍ក្នុងតំបន់នេះឡើយព្រោះវាជាឧប្បត្តិហេតុចៃដន្យ ចំណែកជនជាតិបារាំងដែលជាជនរងគ្រោះក៏មិនបានប្តឹងផ្តល់ដល់ម្ចាស់រទេះគោ ឬកុមារបង្កហេតុនោះឡើយ មានតែអង្វរសុំកុំអោយសមត្ថកិច្ចរករឿងគេទៀតផង៕
សន្យា


































