សៀមរាប : ហេតុការណ៍ខាងលើបានកើតឡើងកាលពីថ្ងៃទី២០ ខែ មករា ឆ្នាំ២០១៥ កន្លងទៅនៅត្រង់ចំណុចក្នុងវត្តស្រែណូយ និងវត្តល្វាក្រាំង ស្រុកវ៉ារិន ខេត្តសៀមរាប ។ ជាប់ពាក់ព័ន្ធក្នុងករណីខាងលើលោកវរសេនីយ៍ត្រី ណុប សារ៉ាក់ អធិការនគរបាលស្រុកវ៉ារិន ខេត្តសៀមរាបបានអោយដឹងថាជនសង្ស័យទាំងពីរកាលពីថ្ងៃខែកើតហេតុខាងលើបានជិះម៉ូតូចំនួន២គ្រឿងមកធ្វើសកម្មភាពលួចយកបច័យរបស់ព្រះសង្ឈដែលគង់ក្នុងវត្តស្រែណូយបាន
ចំនួន ២១០០.០០០ រៀល ( ពីរលានមួយសែនរៀល ) និង កាមេរ៉ាឌីជីថលនីកុន ១ គ្រឿង រួចក៏នាំគ្នាជិះម៉ូតូរៀងៗខ្លួនគេចមកកាន់វត្តល្វាក្រាំង ក្នុងឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាបដើម្បីនិមន្តព្រះសង្ឈស្រោចទឹក ។ លោកវរសេនីយ៍ត្រី ណុប សារ៉ាក់ បានបន្តអោយដឹង
ទៀតថា ពួកគេបានរៀបគម្រោងដោយអោយបក្ខពួកគេម្នាក់ជាអ្នកស្រោចទឹក រីឯ បក្ខពួកម្នាក់ទៀតបានចូលទៅលួចទ្រព្យសម្បត្តិនិងបច័យរបស់ព្រះសង្ឈបានចំនួន ៥០.០០០ រៀល ( ប្រាំម៉ឺនរៀល ) រួចពួកគេក៏បានជិះម៉ូតូគេចខ្លួនមកដល់ត្រង់ចំណុចមុខសាលាវិទ្យាល័យវ៉ារិន ក្រុមជនសង្ស័យបានឃើញសមត្ថកិច្ចពួកគេក៏បានបើកម៉ូតូត្រឡប់មកក្រោយវិញក៏ត្រូវបាន

សមត្ថកិច្ចតាមដេញចាប់ឃាត់ខ្លួនបានតែម្តង ។ បច្ចុប្បន្នវត្ថុតាងទាំងអស់ត្រូវបានសមត្ថកិច្ចប្រគេនព្រះសង្ឈវិញចំណែកឯជនសង្ស័យទាំងពីរត្រូវបានសមត្ថកិច្ចកំពុងតែចំណាត់ការទៅតាមនីតិវិធីបន្ត ៕ លោក ខេង ខេមរា



































