កំពង់ឆ្នាំង៖ ជនសង្ស័យប្រុសស្រីចំនួន៤នាក់ ត្រូវបានលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ឆ្នាំងដឹកនាំកំលាំងសមត្ថកិច្ចព្រហ្មទណ្ឌនគរបាលក្រុង និងសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនខេត្តប្រមាណជាង១០នាក់ ព័ទ្ធចាប់បាននៅវេលាម៉ោង៨និង១៥នាទីយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៥នៅក្នុងផ្ទះសំណាក់វិសាលសុខ ស្ថិតក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបានថ្លែងអោយដឹងថា៖ មុនពេលព័ទ្ធចាប់ជនសង្ស័យទាំង៤នាក់នេះ គឺប្រជាពលរដ្ឋបានរាយការណ៍ថាមានមុខ សញ្ញាចែកចាយ និងប្រើប្រាស់ថ្នាំញៀនចំនួន៤នាក់បានចូលស្នាក់នៅក្នុង ផ្ទះសំណាក់ វិសាលសុខ បន្ទាប់មកលោកព្រះរាជអាជ្ញារងក៍បានដឹកនាំកំលាំងសមត្ថកិច្ច ចំរុះឡោមព័ទ្ធ និងឆែកឆេរ ហើយក្របួចបានពួកគេទាំង៤នាក់នៅក្នុងបន្ទប់លេខ១២ក្នុងផ្ទះសំណាក់វិ សាលសុខនោះតែម្តង។
ជនសង្ស័យទាំង៤នាក់នោះទី១មានឈ្មោះ យឿន ធារ៉ា ភេទស្រី អាយុ២៩ឆ្នាំ ទីលំនៅមិនពិតប្រាកដ,ទី២ឈ្មោះ ឃន តារាវិសាល ភេទប្រុស អាយុ២៥ឆ្នាំ(ទើបចេញពីពន្ធនាគារពីបទចែកចាយថ្នាំញៀន) រស់នៅក្នុងភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង,ទី៣ឈ្មោះ ធី ប៊ុនថាវ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅក្នុងភូមិឡទឹកត្រី សង្កាត់កំពង់ឆ្នាំង,និងទី៤ឈ្មោះ មាស ស្ងួន ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅក្នុងភូមិទី១ សង្កាត់ខ្សាម ពួកគេទាំង៤នាក់នេះគឺជាមុខសញ្ញាចែកចាយ និងប្រើប្រាស់ថ្នាំញៀនដ៍សកម្មនៅក្នុងក្រុងកំពង់ឆ្នាំងផងដែរ។
ក្រោយពីចាប់ខ្លួន និងឆែកឆេររួចមកសមត្ថកិច្ចចំរុះបានរកឃើញថ្នាំញៀនម៉ាទឹកកក ចំនួន១កញ្ចប់តូច ចំណែកថ្នាំមួយចំនួនទៀតត្រូវពួកគេទម្លាក់ចូលទៅក្នុងបង្គន់បំបាត់ភស្តុតាង ខណៈសមត្ថកិច្ចសំរុកចូលចាប់ខ្លួន និងបានរកឃើញសម្ភារៈជក់ថ្នាំញៀនមួយចំនួនទៀតផង។ជនសង្ស័យទាំង៤នាក់ ត្រូវបានលោកព្រះរាជអាជ្ញារងអោយសមត្ថកិច្ចយកទៅឃុំទុកនៅការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត កសាងសំណុំរឿងបញ្ជូនទៅតុលាការ។
នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៥ ជនសង្ស័យទាំង៤នាក់និងវត្ថុតាងត្រូវបានកា
រិយាល័យជំនាញកសាងសំណុំរឿងតាមនិតិវិធីបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បី
ផ្តន្ទាទោសតាមនិតិវិធី៕



































