កំពង់ឆ្នាំង៖ សមត្ថកិច្ចនគរបាលក្រុងនិងខេត្តរួមទាំងអាជ្ញាធរមូលដ្ឋានផង នៅព្រឹកថ្ងៃទី២០ ខែមករាឆ្នាំ២០១៥ បានចុះទៅពិនិត្យមើលទីតាំងក្រុមហ៊ុនរើសពលករទៅក្រៅប្រទេសមួយកន្លែង ដោយសារតែបានដឹងថា មិនទាន់មានច្បាប់អនុញ្ញាត្តិត្រឹមត្រូវផង ក៏ស្រាប់តែបានលើកស្លាកប្រកាសរើសពលករអោយទៅធ្វើការនៅក្រៅប្រទេសទៅហើយ ដោយមិនបានដាក់ឈ្មោះក្រុមហ៊ុននោះអោយបានត្រឹមត្រូវទៀតផង ក្រុមហ៊ុមនេះមានទីតាំងស្ថិតក្នុង ភូមិ ម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។
ជួបជាមួយសមត្ថកិច្ចជាជំហ៊ានដំបូង អ្នកគ្រូឈ្មោះ អៀង សំណាង ដែលតំណាងអោយក្រុមហ៊ុនបានប្រាប់សមត្ថកិច្ចអោយដឹងថា៖ ក្រុមហ៊ុនគឺមានច្បាប់ត្រឹមត្រូវ តែច្បាប់នោះកំពុងស្ថិតនៅដៃលោក អភិបាលរងខេត្តមួយរូបកំពុងដាក់ជូន ឯកឧត្តមអភិបាលខេត្តសម្រេច។
ពេលនោះសមត្ថកិច្ចបានបញ្ជាក់ថាៈបើមិនទាន់មានច្បាប់ត្រឹមត្រូវទេ សូមកុំទាន់ដាក់ស្លាករើសពលករទៅក្រៅប្រទេសបែបនេះអី ព្រោះវាខុសច្បាប់។ បន្ទាប់មកគេឃើញមានលោកអភិបាលរងក្រុងកំពង់ឆ្នាំងម្នាក់ដែលទើបឡើងកាន់តំណែងថ្មី បានកាន់ច្បាប់មកបង្ហាញ ហើយពេលសមត្ថកិច្ចពិនិត្យមើលគឺមានភាពមិនប្រក្រតីជាច្រើន ។
លោក កេត យ៉ុង នាយនគរបាលការិយាល័យការពារផ្លូវច្បាប់បាននិយាយថាៈ ក្នុងពាក្យស្នើសុំ របស់ ឈ្មោះ ឯល រ៉ូហ្សែត ដែលដាក់ថាជាអគ្គនាយកក្រុមហ៊ុន I I S (អាយ អាយ អេស ) តែដល់អ្នកមកឈរឈ្មោះរើសពលករ គឺជាអ្នកគ្រូ អៀង សំណាង នៃមជ្ឈមណ្ឌល R T C ខេត្តកំពង់ឆ្នាំងទៅវិញ ។
ចំណែក ក្នុងច្បាប់ស្នើសុំឃើញមាន ចុះហត្ថលេខាដោយ លោកមេភូមិ លោកមេឃុំ អភិបាលក្រុង និងដោយឡែកលោក ប្រធានមន្ទីរការងារខេត្ត ដែលចុះហត្ថលេខាដោយលោក ពៅ ស៊ីថា វិញគឺទើបនិងចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០១៥ នេះទេ ចំណែកកាលបរិច្ឆេតថ្ងៃទី២០ ក៏មានស្នាមកោសលុបសរសេរសាថ្មីដែរ ឯកន្លែងដែលឯកឧត្តមអភិបាលខេត្ត ចុះហត្ថលេខាគឺមិនទាន់បានចុះហត្ថលេខានៅឡើយទេ។
នៅក្នុងករណីសមត្ថកិច្ចលើកឡើងថាៈ ត្រឹមថ្ងៃទី២០ ខែមករា អ្នករត់ការច្បាប់ទើបរត់ដល់ត្រឹម លោកប្រធានមន្ទីរការងារនៅឡើយ តែអាជ្ញាធរមូលដ្ឋានប្រាប់ថា គេឃើញស្នាក់ការខាងលើនេះ បាន លើកស្លាកតាំងពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៥មកម្លេះ ដែលរឿងនេះជារឿងកូនកើតមុនឪហើយ ទើបគេថាគ្មានច្បាប់ត្រឹមត្រូវ។ សមត្ថកិច្ចបានអោយដឹងទៀតថា៖ស្លាកជ្រើសរើសពលក រពលការនី មិនបានដាក់បញ្ជាក់ថា ក្រុមហ៊ុនអីនោះទេ បើសិនដាក់ថា ក្រុមហ៊ុន អាយ អាយ អេស ឬ មជ្ឈមណ្ឌល អ័រ ធី ស៊ី អោយ ច្បាស់លាស់ក៏មិនថាដែរ គឺបានដាក់ថាក្រុមហ៊ុនត្រូវការជ្រើសរើសពលករជាបន្ទាន់ទៅធ្វើការនៅ ប្រទេសម៉ាឡេស៊ី ថៃ ជប៉ុន និង គុយវ៉ែត តែប៉ុណ្ណោះ។
សមត្ថកិច្ចបានបញ្ជាក់ប្រាប់ក្រុមហ៊ុនខាងលើនេះថា៖បើមិនទាន់មានការចុះហត្ថលេខាពី ឯកឧត្តម អភិបាលខេត្តទេ សុំអោយក្រុមហ៊ុនទម្លាក់ស្លាកបណ្តោះអាសន្នសិន ចាំពេលមានច្បាប់ត្រឹមត្រូវចាំលើក ស្លាកជ្រើសរើសវិញចុះក៏មិនហួសពេលដែរ ។ នៅពេលប្រមាណជាងមួយម៉ោងក្រោយមកគេបានឃើញ លោកអភិបាលរងខេត្តមួយរូបបានអញ្ជើញមកសម្រួលជាមួយសមត្ថកិច្ចដោយមិនស្រឡាញ់កិតិ្តយសអីទេមើលទៅ ដោយនិយាយថា៖ ឯកឧត្តមអភិបាលខេត្តរវល់ ដូច្នេះសុំអោយបន្ត លើកស្លាកក្រុមហ៊ុនជ្រើសរើសពលករនោះបន្តទៀតសិនទៅ។នេះគឺជាវប្បធម៌អន្តរាគមខុសរឿងមិនចេះអៀនខ្មាស់គួរតែពិនិត្យឡើងវិញ។
លោក ឈួរ ចន្ទ័ឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា៖ លោកមិនបានជ្រាបរឿង នេះទេ លោកប្រាប់ថាបើខ្ញុំមិនទាន់យល់ព្រមផងធ្វើបែបនេះគឺខុសនឹងច្បាប់ហើយ លោកនឹងអោយគេទៅពិនិត្យមើលសិន លោកអគុណចំពោះអ្នកកាសែតហើយដែលផ្តល់ដំណឹងនេះ៕



































