កំពង់ឆ្នាំង៖ជំទាវ ឃឹម ចំរើន រដ្ឋលេខាធិការក្រសួងកិច្ចការនារីបានថ្លែងក្នុងពិធីប្រកាសតែងតាំងប្រធានមន្ទីរកិច្ចការនារីខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៥ ថា«ស្ត្រីជាឆ្អឹងខ្នងនៃសង្គមសេដ្ឋកិច្ចជាតិ យល់ដឹងពីយេនឌ័រគឺមានសុភមង្គលក្នុងគ្រួសារ និងក្នុង
សង្គមជាតិ» ដែលពិធីបានធ្វើនៅក្នុងសាលប្រជុំសាលាខេត្ត ដែលមានការចូលរួមពីលោកជុំទាវ ដោក សុធា ប្រធានក្រុមប្រឹក្សាខេត្ត និងលោកប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្តជាច្រើនរូបទៀត។ នៅក្នុងពិធីនេះលោកស្រី អ៊ិត នឿន អនុប្រធានមន្ទីរកិច្ចការនារីខេត្តបានរាយការណ៏អំពីលទ្ធផលរយៈពេល៥ឆ្នាំរបស់មន្ទីរកិច្ចការនារីខេត្តអោយបានដឹងថា៖បានបើកវគ្គបណ្តុះបណ្តាលដល់សិស្សស្រីៗ បានចំនួន១.០៤៨នាក់អោយមានជំនាញ កាត់ដេរ អ៊ុតសក់ សំអាងការ និងតម្បាញ ដើម្បីលើកស្ទួយជីវភាពក្នុងគ្រួសារ។

បានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ អោយស្ត្រីទៅពិនិត្យផ្ទៃពោះនិងសំរាលកូនក្នុងមណ្ឌលសុខភាពបានចំនួន២០១លើក មានអ្នកចូលរួម៩.៥៦២នាក់ (ស្រី៥.៩០៣នាក់)។បានរៀបចំវេទិកា យុទ្ធនាការបុរសល្អ ដល់ប្រជាពលរដ្ឋ៤ស្រុក ចូលរួម៧២៥នាក់ ដើម្បីទប់ស្កាត់អំពើហឹង្សាលើស្ត្រីផ្លាស់ប្តូរផ្នត់គំនិតផ្នែកយេនឌ័រ។បានរៀបចំវេទិកាសន្ទនាសហគមន៍ ទប់ស្កាត់អំពើហឹង្សាដល់សមាជិកក្រុមប្រឹក្សាឃុំ មេភូមិ ប៉ុស្តិនគរបាល អធិការស្រុកកងរាជអាវុធហត្ថស្រុក បានចំនួន១៣លើក មានអ្នកចូលរួម២.៣១៧នាក់។កិច្ចអន្តរាគមន៍បានផ្តល់ប្រឹក្សា សំរុះ

សំរួល និងជួយសរសេរពាក្យបណ្តឹង ស្ត្រីរងគ្រោះដោយអំពើដឹង្សា៦២នាក់ និងស្ត្រីរងគ្រោះដោយការរំលោភសេពសន្ថវៈចំនួន២៦នាក់ដាក់ជូនតុលាការ និងបានរាយការណ៍នូវលទ្ធផលការងារមួយចំនួនទៀត។ លោកស្រី ឈុំ ចាន់សុខ ជាអនុប្រធានមន្ទីរនិងដែលត្រូវបានតែងតាំងជាប្រធានមន្ទីរកិច្ចការនារីខេត្តបានឡើងប្តេជ្ញាចិត្តថា៖ដើម្បីជាសក្ខីភាពនៃការផ្តល់នូវទំនុកចិត្តរបស់លោកជំទាវ រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លោកជំទាវក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត ក្នុងនាមលោកស្រីដែលបានឡើងជាប្រធានមន្ទីរនៅពេល
នេះសូមធ្វើការប្តេជ្ញាចិត្តថា៖គោរពនិងអនុវត្តយ៉ាងម៉ឺងម៉ាត់ច្បាប់ ព្រះរាជក្រិត្យ សារាចរ និងសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល។ខិតខំពង្រឹងសមត្ថភាព រៀនសូត្រនូវបទពិសោធន៍ល្អៗពីរៀមច្បង ជាទុនអភិវឌ្ឍន៍សមត្ថភាពជំនាញ ក្នុងការបំពេញការងារអោយមានប្រសិទ្ធិភាពនិង
ពង្រឹងសាមគ្គីភាពផ្ទៃក្នុងអោយមានល្អប្រសើរ។ លោកជំទាវ ដោក សុធា ប្រធានក្រុមប្រឹក្សាខេត្តមានបានផ្តាំផ្ញើរដល់លោស្រីប្រធានមន្ទីរកិច្ចការនារីថ្មីថាត្រូវគោរពនិងអនុវត្តអោយបានម៉ឺងម៉ាត់នូវច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល និងអនុវត្តកម្មវិធិនយោបាយរសប់ប្រមុខរាជរដ្ឋាភិបាល។មន្ត្រីត្រូវអនុវត្តការងារតាមឋានានុក្រម គោរពច្បាប់ លិខិតបទដ្ឋានគតិយុត្តិ វិធានានា គោរពវិន័យការងារ និងបទបញ្ជារផ្ទៃក្នុង មានរបបការងារត្រឹមត្រូវ របបប្រជុំ របបរាយការណ៍ រក្សាអោយបានសាមគ្គីភាពល្អ ដឹងសុខទុក្ខគ្នាទៅវិញទៅមក។
នៅក្នុងឱកាសនេះដែរលោកជំទាវ ឃឹម ចំរើន រដ្ឋលេខាធិការក្រសួងកិច្ចការនារីបានធ្វើការលើកឡើងថាស្ត្រីជាឆ្អឹងខ្នងនៃសង្គមសេដ្ឋកិច្ចជាតិ ការយល់ដឹងពីយេនឌ័រគឺមានសុភមង្គលនៅក្នុងគ្រួសារនិងក្នុងសង្គមជាតិ។ ទស្សនៈសង្គមពីដើមថាស្ត្រីជាអ្នកទន់ខ្សោយ ជាជនងាយ
រងគ្រោះ ចំណែកបុរសមានដើមទ្រូង៥ហត្ថជាមាសទឹកដប់ ប៉ុន្តែមកដល់បច្ចុប្បន្ននេះទស្សនៈសង្គមនៅលើពិភពលោកគឺស្ត្រីបានទាមទារសិទ្ធិស្មើនិងបុរសដែរ។បដោយឡែកនៅក្នុងប្រទេសកម្ពុជាវិញគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលក៏បានគាំទ្រអោយស្ត្រីមានតួនាទីដឹកនាំដូចបុរសដែរ ព្រោះថាអ្វីដែលបុរសធ្វើបាន ស្ត្រីក៏ធ្វើបានដូចគ្នាដែរ។កន្លងមកមានស្ត្រីមួយចំនួនបានកាន់តួនាទីធំៗក្នុងរាជរដ្ឋាភិបាលមានដូចជាធ្វើរដ្ឋមន្ត្រី រដ្ឋលេខាធិការ អភិបាលរងខេត្ត អភិបាលរងក្រុង ស្រុក ធ្វើមេឃុំផងដែរ។ជាក់ស្តែងនៅក្នុងខេត្តកំពង់ឆ្នាំងពេលនេះប្រធានក្រុមប្រឹក្សាខេត្តក៏ជាស្ត្រី ហើយប្រធានមន្ទីរ២នាក់ក៏ជាស្ត្រីក្នុងចំណោមមន្ទីរ២៨។ប៉ុន្តែបញ្ហានេះក៏នៅមានវិសមភាពស្ត្រីនៅឡើយដែលសាម៉ីមន្ទីរ ក្រសួងគួរតែបញ្ជ្រាបយេនឌ័រក្នុងការដឹកនាំអោយមានសមភាពជាមួយបុរស៕



































