ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតពេលបញ្ជូនដល់មន្ទីរពេទ្យ និងបុរសម្នាក់ផ្សេងទៀតរងរបួសស្រាលក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងកាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី២១ មករា ឆ្នាំ២០១៥ នៅចំណុចជាប់នឹងរបង
ទីស្តីការគណៈរដ្ឋមន្ត្រី (ផ្លូវ១១៤ កែងនិងផ្លូវ១០៩) ស្ថិតក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូហុងដាឌ្រីមសេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1BV-6412 ធ្វើដំណើរតែម្នាក់ឯងតាមមហាវិថីសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីកើតទៅ លិច ខណៈមកដល់ចំណុចកើតហេតុក៏បានបត់ឆ្លងទៅផ្លូវលេខ១០៩ ក្នុងទិសដៅពីជើងទៅត្បូង ក៏ត្រូវបានម៉ូតូស្មាសវី ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ1BA-4582 ជិះដោយបុរសម្នាក់បើកបរធ្វើដំណើរតាមផ្លូវ១១៤ ក្នុងទិសដៅពីលិចទៅកើត បើកមកបុកចំពីមុខម៉ូតូហុងដាឌ្រីមពេញទំហឹងខ្ទាតម៉ូតូនិងអ្នកបើក បរទៅលើថ្នល់ បណ្តាលឱ្យបុរសបើកម៉ូតូហុងដាឌ្រីម រងរបួសស្រាល ចំណែកបុរសបើកម៉ូតូស្មាសវី រងរបួសធ្ងន់ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ កាល់ម៉ែត តែជាអកុសពេលបញ្ជូនដល់មន្ទីរពេទ្យបុរសរងគ្រោះក៏បានដាច់ខ្យល់ ស្លាប់តែម្តង ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅវាស់វែងនៅកន្លែងកើតហេតុ និងបាននាំយកម៉ូតូទាំង២គ្រឿងទៅកាន់អធិការដ្ឋានខណ្ឌ៧មករា ដើម្បីដោះស្រាយគ្នាតាមនិតិវិធីច្បាប់ ។ ពេលនេះសមត្ថកិច្ចមិនទាន់ស្គាល់អត្តសញ្ញាណសពជនរងគ្រោះនៅឡើយទេ ហើយសពជនរងគ្រោះត្រូវបានទុកនៅក្នុងមន្ទីរពេទ្យកាល់ម៉ែតរងចាំ សាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ ៕



































