សៀមរាបៈ ខណ្ទរដ្ឋបាលព្រៃឈើសៀមរាប រឹតបន្តឹងការអនុវត្តច្បាប់ ក្នុងការទប់ស្កាត់បង្ក្រាបបទល្មើសដឹក ជញ្ជូនផល អនុផលព្រៃឈើដោយគ្មានច្បាប់អនុញ្ញាតិ បន្ទាប់ពីមានសភាពស្ងប់ស្ងាត់កន្លងមក ទើបមកដល់ ពេលនេះលោក ទា គឹមសុទ្ធ នាយខណ្ទរដ្ឋបាលព្រៃឈើសៀមរាបបញ្ជាឲ្យផ្នែក សង្កាត់ រឹតបន្តឹងបង្ក្រាបបទល្មើសដឹកឈើដោយគ្មានច្បាប់អនុញ្ញាតិ។
លោក វែង លី មន្ត្រីផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី បានឲ្យដឹងថា មុនពេលបង្ក្រាបបទល្មើសដែលបានធ្វើសកម្មភាពដឹកជញ្ជូនឈើដោយខុសច្បាប់នេះ ដោយមានការបញ្ជារផ្ទាល់ពីលោក ទា គឹមសុទ្ធ នាយខណ្ទ រដ្ឋបាលព្រៃឈើសៀមរាប ឲ្យលោក ដឹកនាំកំលាំងចុះស្ទាក់រថយន្តកូរ៉េ មួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ៣តោន ពណ៌ ស ឆ្នូតខៀវ ពាក់ស្លាកលេខកំពង់ចាម 3A- 1811 កាលពីវេលាម៉ោង ៣.៣០នាទី នៅចំនុចភូមិ គោកឬស្សី ឃុំបាល្ល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប លោក វែង លី មន្ត្រីរដ្ឋបាលព្រៃឈើ បានបន្តថា ក្រោយពី ប្រទះឃើញរថយន្ត ហើយក៏បានសុំការអនុញ្ញាតិត្រូតពិនិត្យ ឃើញថាពិតជាមានបទល្មើស ទើបបាននាំរថយន្តដឹកបទល្មើសនេះ មករក្សាទុកនៅ ផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ដើម្បីធ្វើការវាស់វែង រហូតមកដល់ វេលាម៉ោង៦.០០សមត្ថកិច្ចនៅមិនទាន់ធ្វើការវាសវែងនោះទេ ដោយសារតែខ្វះខាតកំលាំងក្នុងការរុះរើ។
មហាជនទូទៅបានកោតសរសើរចំពោះ ផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ដែលបានអនុវត្តវិធានការបង្ក្រាប ជាប្រចាំនិងទទួលលទ្ធផលល្អប្រសើរ ក្នុងការទប់ស្កាត់និងបង្ក្រាប បទល្មើសដែលដឹកជញ្ជូនតាមរូបភាពរថយន្តសាំយ៉ុង រថយន្តកូរ៉េ និងរថយន្តសេរីទំនើប ជាពិសេសរថយន្តដឹកបន្លំក្នុងសិប្បកម្ម ធ្វើចរាចរណ៍ឈើ ខុសច្បាប់មានការថយចុះគួរអោយកត់សម្គាល់។
ក្នុងនោះដែរគេសង្កេតឃើញថា សកម្មភាពការដឹកជញ្ជូនឈើប្រណិត នៅសង្កាត់ស្វាយលើមិនទាន់មានការចុះថយនៅឡើយទេ តែបែរជាមានសភាពកើនឡើងទ្វេរដងទៅវិញ ទើមប្រជាពលរដ្ឋមានការងឿងឆ្ងល់ថា សង្កាត់នេះរកចំណូលឲ្យលោកណាទើប បានជាគ្មានខ្លាចញញើតច្បាប់បន្តិចសោះឡើយ និងសំណូមពរឲ្យ លោក ឯម មន្នី នាយរងអធិការរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប និងលោកទា គឹមសុទ្ធ ជួយចាត់វិធាន ការបង្ក្រាបបទល្មើសនៅស្រុកស្វាយលើផង។ ដោយ ខេង ឧត្តម និង ប៉ូនប៉េង