សៀមរាប=ក្នុងកិច្ចចុះប្រតិបត្តិការណ៍ធ្វើការត្រួតពិនិត្យនិងឆែកឆេរក្នុងហាងលក់ឱសថស្ថាន យីហោ ព្រំ ចន្ថា ស្ថិតនៅក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុង និង ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២៣ ខែ មករា ឆ្នាំ២០១៥ កន្លងទៅ លោកវរសេនីយ៍ឯក សឿន សេន នាយការិយាល័យប្រឆាំង
បទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បាននិយាយថាដោយអនុវត្តជាប្រចាំតាមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោក ឩត្តមសេនីយ៍ទោ សត ណាឌីស្នងការនគរបាលខេត្តសៀមរាបក៏ដូចជាដើម្បីធានាអោយបាននូវសុខមាលភាពល្អរបស់បងប្អូនប្រជាពលរដ្ឋអោយកាន់តែមានសុវត្ថិភាពផងនោះ ។ ជាក់ស្តែងកម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបព្រមទាំងមន្ត្រីជំនាញនៃមន្ទីរសុខាភិបាលខេត្តសៀមរាបបានចុះធ្វើការត្រួតពិនិត្យនិងឆែកឆេររកឃើញនូវឱសថផុតកំណត់ការប្រើប្រាស់ចំនួន៤១មុខ ស្មើរ២០៧៩គ្រប់ និងដប ។ លោកវរសេនីយ៍ឯក សឿន សេន បានបន្ត
អោយដឹងទៀតថា សម្រាប់ឱសថដែលសមត្ថកិច្ចបានរកឃើញនៅក្នុងហាងលក់ឱសថស្ថាន យីហោ ព្រំ ចន្ថា ស្ថិតនៅក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុង និង ខេត្តសៀមរាប បច្ចុប្បន្នសម្រាប់ឱសថទាំងអស់នេះត្រូវបានប្រគល់ជូនទៅមន្ទីរសុខាភិបាលខេត្តសៀមរាបយកទៅរក្សាទុកដើម្បីធ្វើពិធីដុតកំទេចចោល ដោយឡែកម្ចាស់ហាងត្រូវបានធ្វើកិច្ចសន្យានិងធ្វើការផ្អាកពិន័យទៅតាមនីតិវិធីជាបន្ត ៕ លោក ព្រិន្ទបាលទោ ខេង ខេមរា




































