កំពង់ឆ្នាំង៖អំពើហឹង្សាក្នុងគ្រួសារមួយបានបណ្តាលអោយបុរស២នាក់ឪពុកក្មេកនិងកូនប្រសារបានរងរបួសទាំងអស់គ្នា ដោយសារតែ ឪពុកក្មេកទាស់ជាមួយកូនបង្កើត ហើយកូនប្រសារចូលទៅឃាត់ ក៏ប៉ះគ្នាមួយប្រាវបណ្តាលអោយត្រូវទាំងអស់គ្នាតែម្តង ។អំពើហឹង្សានេះ
កើតឡើងនៅវេលាម៉ោង១១និង២០នាទីថ្ងៃត្រង់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៥ នៅភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគី ស្រុកបរិបូរណ៏ ។ មន្ត្រីនគរបាលមូលដ្ឋានបាននិយាយថាៈ បុរសជាកូនប្រសារប្រុសរងរបួស ត្រូវឪពុកក្មេកកាប់នឹងកាំបិតផ្គាក់ចំស្មងជើងឆ្វេង ដេរ៤ថ្នេរ និងរយាស់ម្រាមដៃស្តាំមានឈ្មោះ ប៉ែន វណ្ណៈ អាយុ២២ឆ្នាំត្រូវបានក្រុមគ្រួសារដឹកមកសង្គ្រោះនៅមណ្ឌលសុខភាពស្រុកបរិបូរណ៏ ចំណែកឪពុកក្មេក ឈ្មោះ អោកស៊ុនលៀន អាយុ៥៣ឆ្នាំ រងរបួសក្បាលស្រាល ទៅសម្រាកព្យាបាលគ្រូខ្មែរ ។ទាំងពីរនាក់រស់នៅភូមិ ឃុំកើត ហេតុខាងលើ ។
ប្រភពដដែលបានបន្តថាៈ មុនពេលកើតហេតុ បុរសជាឪពុកបានឈ្លោះទាស់សំដីគ្នាជាមួយកូនប្រុសបង្កើតម្នាក់ផ្សេងទៀត ពីរឿងទូក ដែលឪពុកដើរនិយាយប្រាប់គេថាគាត់បានចែកអោយទូក១គ្រឿង ទៅកូនប្រុសបង្កើតរូបនោះ តែកូនប្រុសនោះថាៈ ទូកនោះខ្លួនបានចំណាយប្រាក់ទិញពីឪពុកខ្លួនទេ កុំដើរនិយាយថាអោយៗ បែបនេះអី ។ ពេលទាស់គ្នានោះ កូនប្រសារប្រុសឈ្មោះ ប៉ែន វណ្ណៈបានទៅឃាត់តែពេលនោះឪពុកក្មេកបានងៀកមកទាស់ជាមួយកូនប្រសារវិញម្តង បន្ទាប់មកឪពុកក្មេកបានឡើងទៅលើទូកយកកាំបិតផ្គាក់ មកកាប់លើកូនប្រសារប្រុសបណ្តាលអោយរបួសស្មងជើង ចំណែកកូនប្រសារប្រុសវិញបានវាយឪក្មេកមួយដំបងវិញដែរ ហើយអ្នកជិតខាងបានចូលឃាត់នាំកូនប្រសារប្រុសមកមណ្ឌលសុខភាពដើម្បីព្យាបាលរបួស ចំណែកឪពុកក្មេកបានគេចទៅរកគ្រូខ្មែរព្យាបាល ដោយ ខ្លួនឯង ។ក្រោយកើតហេតុមន្ត្រីនគរបាលបានទៅធ្វើកំណត់ ហេតុនិងពិនិត្យរកវត្ថុតាងដើម្បីកសាងសំណុំរឿងតាមនិតិវិធី ៕



































