មណ្ឌលគិរី៖យុវជនម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុក្រោយពីរូបគេបានដឹកឈើចំនួនពីរដុំតាមម៉ូតូរត់គេចពីកម្លាំងសមត្ថកិច្ចដែលបានបើកឡានដេញចាប់បណ្តាលអោយដួលបោកក្បាលទៅលើថ្នល់មួយទំហឹង។ហេតុការណ៏នេះកើតនៅវេលាម៉ោង៩យប់ ថ្ងៃទី២៤ មករា២០១៥នេះស្ថិតត្រង់ចំនុចផ្លូវឆ្ពោះទៅឃុំមេម៉ងក្នុងភូមិពូត្រុំ២សង្កាត់មនោរម្យ ក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី។
ប្រភពព័ត៌មានបានអោយដឹងថា នៅពេលដែលជនរងទាំងពីរនាក់បងប្អូនធ្វើដំណើរពីភូមិមេម៉ង ឆ្ពោះទៅក្រុងសែនមនោរម្យពុំមានសមត្ថកិច្ចណារវល់អើពើមើលការដឹកឈើបន្តិចបន្តួចនេះទេ ព្រោះតែយល់ថាតិចពេកនឹងអាណិតគ្នាអ្នកក្រដឹកគ្រាន់ដូរបាយប៉ុណ្ណោះ។ស្រាប់តែជនរងគ្រោះមកដល់ចំនុចកើតហេតុ ក៏ស្រាប់តែមានរថយន្តកាមរីគូទហើមពណ័សមួយគ្រឿង បានជិះដេញពីក្រោយយ៉ាងលឿន ស្របពេលនោះជនរងគ្រោះទាំងពីរនាក់បងប្អូនក៏បាន
បំបែកផ្លូវគ្នា។ដោយឡែកជនរងគ្រោះដែលស្លាប់ត្រូវបានរថយន្តពណ័សដេញប្រកិតពីក្រោយជាប់ ព្រោះតែភ័យពេកជនរងគ្រោះបានបើកម៉ូតូគេចទៅឆ្វេងដៃ ចៃដន្យផ្លូវមានក្រឡុកច្រើន ទើបបណ្តាលឲ្យម៉ូតូដួលបោកក្បាលជនរងគ្រោះលើថ្នល់ស្លាប់ភ្លាមៗនឹងកន្លែង។ ប្អូនប្រុសជនរងគ្រោះបាននិយាយថា ដោយជីវភាពគ្រួសារក្រីក្រពេក ខ្លួនពីរនាក់បងប្អូនបានសម្រេចចិត្តស៊ីឈ្មួលដឹកឈើប្រភេទដៃសាឡុង ដើម្បីបានកំរៃបន្តិចបន្តួចមកផ្គត់ផ្គង់គ្រួសារ ដ្បិតឪពុកបានធ្លាក់ខ្លួនពិការជើងតាំងពីសម័យសង្គ្រាម ឯម្តាយចាស់មានជំងឺប្រចាំកាយរាល់ថ្ងៃ។ប្រភពបន្តថា ឈើដែលខ្លួននឹងបងប្រុសស៊ីឈ្មូលដឹកឲ្យគេនោះ ប្រភេទធ្នង់ដែលមានមុខកាត់២០សង្ទីម៉ែត្រ គុណ១០សង្ទីម៉ែត្រ ប្រវែង៦០សង្ទីម៉ែត្រ ដោយក្នុងមួយម៉ូតូដឹកបានតែពីរដុំប៉ុណ្ណោះ នឹងបានប្រាក់ចំនួនត្រឹមតែបីម៉ឺនទៅ៤ម៉ឺនរៀល។ហើយឈើទាំងនេះត្រូវបានគេដឹកចេញពី តំបន់ព្រៃអភិរក្សសត្វព្រៃភ្នំព្រេចមានចម្ងាយផ្លូវប្រមាណ៥០គីឡូម៉ែត្រពីទីរួមខេត្ត។
បន្ទាប់ពីកើតហេតុប្រមាណជាងពីរម៉ោងរថយន្តបង្ករត្រូវបានសមត្ថកិច្ចរកឃើញ គ្រាដែលសមត្ថកិច្ចនឹងប្រជាពលរដ្ឋប្រហែលជា២០ទៅ៣០នាក់កំពុងតាមរករថយន្តបង្ករខាងលើឃើញម្ចាស់រថយន្តមិនព្រមចុះពីរថយន្តឡើយថែមទាំងអង្គុយអោបកាំភ្លើងអាការជាប់នឹងទ្រូងទោះបីសមត្ថកិច្ច សន្យារក្សាសុវត្ថិភាពមិនឲ្យប្រជាពលរដ្ឋវាយធ្វើបាបយ៉ាងណាក៏ដោយគេនៅតែមិនព្រម។លុះនៅម៉ោង១២រំលងអាធ្រាត ដោយមានការអន្តរាគមន៏ពីថ្នាក់លើរបស់ខ្លួន(ម្ចាស់រថយន្តបង្ករ)ទើបគេព្រមប្រគល់ខ្លួនឲ្យសមត្ថកិច្ចនគរបាលក្រុងសែនមនោរម្យ នាំទៅសាកសួរនៅអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ។
លោកអនុសេនីយ៍ឯក ជុំ វន អធិការរងក្រុងសែននោរម្យបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះភឿន សៅភេទប្រុស អាយុ២២ឆ្នាំ រស់នៅឃុំមេម៉ង ស្រុកកែវសីមា ជិះម៉ូតូម៉ាកវ៉េវ ពណ័ក្រហមមិនមានស្លាកលេខដឹកឈើពីរដុំ ស្លាប់នៅកន្លែងកើតហេតុ។ដោយឡែករថយន្តបង្ករម៉ាកកាមរីគូទហើមពណ័ស ពាក់ស្លាកលេខ2A2566។ទោះជាយ៉ាងណាឈ្មោះម្ចាស់រថយន្តបង្ករខាងលើពុំទាន់ត្រូវបានគេដឹងឈ្មោះនៅឡើយព្រោះសមត្ថកិច្ចនគរបាលកំពុងធ្វើការសាកសួរនៅស្នងការដ្ឋាននគរបាលខេត្ត។តែត្រូវបានគេដឹងថា ម្ចាស់រថយន្តនោះជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេសប្រចាំនៅអង្គការអភិរក្សជីវចម្រុះសីមាក្នុងខេត្តមណ្ឌលគិរី។
ដោយឦសាន



































