តម្លៃប្រេងឆៅបានឡើងបន្តិចវិញ នាថ្ងៃទី២៤ មករា ក្រោយការប្រកាសពីការចូលទិវង្គតរបស់ព្រះមហាក្សត្រអាប់ដាល់ឡាហ៍ របស់អារ៉ាប៊ី សាអ៊ូឌីត ជាប្រទេសនាំប្រេងចេញធំជាងគេទីមួយលើពិភពលោក ។បែបនោះបាន បើកនូវដំណាក់កាលពុំច្បាស់លាស់មួយចំពោះនយោបាយប្រេងកាតរបស់ ព្រះរាជាណាចក្រនេះ ។ ប្រេង LIGHT SWEET CRUDE (WTI) បានឡើង ០,៩៩ ដុល្លារក្នុង១ធុង ឬ២,០៩% ដល់៤៧,៣០ដុល្លារ ក្នុង១ធុង នាវេលាម៉ោង២និង៣០នាទី ម៉ោងសាកលក្នុងការផ្លាស់ប្តូរអេឡិចត្រូនិកនៅអាស៊ីបន្ទាប់ពីឡើង ៣,១% នៅក្រុងញូវយ៉ក ។ នៅទីផ្សារប្រេងក្រុងញូវយ៉កប្រេង BRENT នៃសមុទ្រខាងជើងបានឡើងថ្លៃ ១,០១ដុល្លារ ឬ២,០៨% ដល់៤៩,៥៣ដុល្លារ ១ធុង ដែលខុសគ្នា២,២ដុល្លារ បើប្រៀបធៀបទៅនឹងតម្លៃប្រេងឆៅ WTI និង ១,០៤ដុល្លារ កាលពីថ្ងៃទី១៦ មករា ។តម្លៃប្រេងឆៅបានធ្លាក់ ចុះរហូតដល់ជាង៥០% ចាប់តាំងពីឡើងខ្ពស់បំផុត ពីខែមិថុនា ឆ្នាំ២០១៤មកក្រោមឥទ្ធិពលនៃការផ្គត់ផ្គង់មានច្រើនមកពីការបង្កើន ផលិតកម្មប្រេងរបស់អាមេរិក ហើយសេចក្តីត្រូវការចុះថយ ។ អារ៉ាប៊ី សាអ៊ូឌីត ជាសមាជិកអង្គការបណ្តាប្រទេសនាំប្រេងចេញ OPEC ជាប្រទេសនាំប្រេងចេញធំទីមួយលើពិភពលោក នាំមុខរុស្ស៊ី និងអេមីរ៉ាត់ អារ៉ាប់រួម ហើយជាប្រទេសអ្នកផលិតប្រេងធំទី២ បន្ទាប់ពីសហរដ្ឋអាមេរិក នេះបើយោងតាមទីភ្នាក់ងារព័ត៌មានអាមេរិក ស្តីពីថាមពល EIA ៕