បុរស២នាក់បើករថយន្តម៉េកសឺដេសមួយគ្រឿង ក្នុងល្បឿនលឿន ទាំងស្ថានភាពស្រវឹងស្រាជោគជាំ បានបើកបុកម៉ូតូសេ១២៥មួយគ្រឿង បណ្តាលឲ្យរថយន្ត និងម៉ូតូធ្លាកចូលប្រទ្បាយទឹក ចំណែកម្ចាស់ម៉ូតូរងរបួសធ្ងន់៣នាក់ ។
ហេតុការណ៍នេះបានកើតទ្បើង កាលពីវេលាម៉ោង១៩និង២០នាទីយប់ ថ្ងៃទី២៥ ខែមករា ឆ្នាំ
២០១៥ នៅចំណុចភូមិអូឌឹម តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះត្រូវបានគេស្គាល់ ទី១ឈ្មោះ ភា ភេទប្រុស អាយុ២៥ឆ្នាំ ទី២ឈ្មោះ ព្រហ្ម សុរិយា ត្រូវជាប្រពន្ធ អាយុ២៣ឆ្នាំ និងកូនតូចម្នាក់ មានទីលំនៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
តាមសាក្សីពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះ ជិះម៉ូតូសេ១២៥មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1C-0699 ឌុបប្រពន្ធនិងកូន ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ែកសឺដេស ពណ៌ទឹកប្រាក់ ពាក់ស្លាក់លេខភ្នំពេញ 2P-0511 បើកបរដោយបុរស២នាក់ ស្រវឹងស្រាជោគជាំ ធ្វើដំណើរស្របទិសគ្នា ក្នុងល្បឿនយ៉ាងលឿន បានជ្រុលបុកម៉ូតូសេ១២៥ពីក្រោយពេញទំហឹង បណ្តាលឲ្យខ្ទាត់ធ្លាក់ទៅក្នុងប្រទ្បាយទឹក រងរបួសធ្ងន់ទាំង៣នាក់ម្តងទៅ ។
បន្ទាប់ពីកើតហេតុ ម្ចាស់រថយន្តបានបើកទ្វារថយន្ត ព្យាយាមរត់គេចខ្លួន ហើយបានរត់ទៅបុកនិងម៉ូតូមួយគ្រឿងទៀត ដែលកំពុងធ្វើដំណើរតាមដងផ្លូវ បណ្តាលឲ្យម៉ូតូដួលរងរបួសស្រាយ២នាក់ ត្រូវប្រជាពលរដ្ឋដែលនៅក្បែរ ឃាត់ម្ចាស់រថយន្តបានភ្លាមៗតែម្តង ។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះ ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។
ទាក់ទិននិងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ប្រជាពលរដ្ឋដែលនៅក្បែរ បានខឹងសំបារយ៉ាងខ្លាំង ដោយសារតែម្ចាស់រថយន្តបង្ក បាននិយាយថា រូបគេបើករថយន្តបុកឆ្កែមួយលែងទុកជាការកំសាន្ត ។ នៅពេលប្រជាពលរដ្ឋ លឺសំដីបែបនេះ ក៏នាំគ្នាយកដុំ និងដំបងទៅវាយរថយន្តបង្ក បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ។ ក្នុងហេតុការណ៍នេះ គេមិនបានឃើញសមត្ថកិច្ចមូលដ្ឋាន ចុះមកអត្តរាគមន៍នោះទេ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកដល់ចំណុចកើតហេតុ និងធ្វើការវាស់វែង យករថយន្តបង្ក និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ដើម្បីរងចាំដោះស្រាយនៅពេលក្រោយ ៕




































