បាត់ដំបង: ក្រុមយុវវ័យចំនួន4នាក់ដែលជាមុខសញ្ញាលក់ និងចែកចាយគ្រឿងញៀនខុសច្បាប់ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងធ្វើការបង្ក្រាបកាលពីវេលាម៉ោង5,30នាទីនាល្ងាចថ្ងៃទី23-1-15 ត្រង់ចំនុចផ្ទះជួលមួយកន្លែងស្ថិតក្នុងភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេចក្រុងបត់ដំបង ខណ:ដែលក្រុមនេះកំពុងធ្វើសកម្មភាពលក់ និងចែកចាយជាក់ស្តែង ។យោងតាមរបាយការណ៍របស់សមត្ថកិច្ចដែលអះអាងដោយលោកវរ:សេនីយ៍ត្រីស៊ាន សុណាល់ នាយការិយាល័យស្តីទី នៃការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនបានបញ្ជាក់ថាក្រោយពីទទួលបានព័ត៌មានស្តីពីការលក់ និងចែកចាយគ្រឿងញៀនរួចមកលោកបានដឹកនាំកំលាំងជំនាញដោយមានការសហការជាមួយកំលាំងក្រុមបង្ការ បង្ក្រាបចុះប្រតិបត្តិការត្រង់ចំនុចខាងលើព្រមទាំងបានឃាត់ខ្លួនមនុស្សចំនួន4នាក់ ព្រមទាំងដកហូតបាននូវវត្ថុតាងមួយចំនួនផងដែរដើម្បីយកមកសាកសួរនៅការិយាល័យ ។
មុខសញ្ញាទាំងនោះមានឈ្មោះ 1ផន វ៉ាន់នី ហៅស្រីម៉ុម ភេទស្រី អាយុ31ឆ្នាំជាម្ចាស់
បន្ទប់ជួល 2អ៊ុំ សុវណ្ណារី ហៅស្រីអូន ភេទស្រី អាយុ20ឆ្នាំ រស់នៅភូមិព្រែកព្រះស្តេច 3សឿម សិរី
ហៅវែង ភេទប្រុស អាយុ29ឆ្នាំ រស់នៅភូមិ20ឧសភា និង4បន បែន ហៅមុាំង ភេទប្រុស អាយុ24ឆ្នាំរស់នៅភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ។ ដោយឡែកគ្រឿងញៀនដែលសមត្ដកិច្ចដកហូតបានគឺមានថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន5កូនថង់ ស្មើនឹង 1,22ក្រាម កូនជញ្ជីងសំរាប់ថ្លឹងមួយទូរស័ព្ទដៃចំនួនពីរគ្រឿង និងឧបករណ៍សំរាប់ផ្តល់ទីតាំងសេពគ្រឿងញៀនមួយចំនួនថែមទៀត ។នៅចំពោះមុខសមត្ថកិច្ចបើទោះបីជាមុខសញ្ញាទាំងនេះមិនបានសារភាពអំពីការរកស៊ីមុខរបរនេះពីមុនមកក៏ដោយក៏លោកនាយការិយាល័យបានសង្កត់ធ្ងន់ថាគឺជាមុខសញ្ញាដ៏សកម្មផងដែរដែលសមត្ថកិច្ចដាក់បណ្តាញតាមឃ្លាំជាប់ជាប្រចាំដែរ ។បច្ចុប្បន្នជនទាំងនេះរួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញរៀបចំដើម្បីបញ្ជូនខ្លួនទៅខកាន់សាលាដំបូងនិងចាត់ការទៅតាមនិតិវិធីច្បាប់ ៕



































