ខេត្តប៉ៃលិន៖ មន្ត្រីនគរបាលយុត្តិធម៌ គឺជាអ្នកអនុវត្តច្បាប់ និងជាអ្នកការពារ ពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ពិសេសគឺកុមារ និងស្ត្រី មន្ត្រីនគរបាលយុត្តធម៌ ត្រូវតែចេះកសាងសំនុំរឿងទៅតាមនីតិវិធី ម្យ៉ាងទៀតមន្ត្រីនគរបាលយុត្តិធម៌ត្រូវតែអនុវត្តនិង ចាត់វិធានការទៅលើបទល្មើសនានាដោយមិនចាំបាច់មានពាក្យបណ្តឹងពីប្រជាពលរដ្ឋឡើយ។
ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិនលោក ជុំ សែនសុទ្ធា បានថ្លែងដូចនេះនៅក្នុងកិច្ចប្រជុំអង្គភាពពាក់ព័ន្ធនឹងយត្តិធម៌ អនីតិជននិងស្ត្រី ក្រោមការសម្របសម្រួល ដោយអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា នាព្រឹក ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៥នេះ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត
ដោយមានការអញ្ជើញចូលរួមពីលោក ស្រី ពៅ សុខ សមាជិកក្រុមប្រឹក្សាខេត្តនិងជា ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ លោក កៅ ឌីណា ប្រធានកម្មវិធីយុត្តិធម៌ស្ត្រីនៃអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា ( LAC ) ព្រមទាំងមន្ត្រីនគរបាល មន្ត្រីកងរាជអាវុធហត្ថ ស្រុក ក្រុង និងខេត្ត មន្ត្រីសាលាដំបូងខេត្ត មន្ត្រីពន្ធនាគារ និងមន្ត្រីពាក់ព័ន្ធមកពីមន្ទីរជុំវិញខេត្ត ។
លោកព្រះរាជអាជ្ញា ជុំសែនសុទ្ធា បានផ្សព្វផ្សាយសារាចរណ៍ណែនាំរបស់ក្រសួងយុត្តិធម៌មាន ០៣ចំណុចគឺចំណុចទី០១-ការអនុវត្តបទប្បញាត្តិដាក់ជនត្រូវចោទឱ្យនៅក្រៅឃុំក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ជនត្រូវចោទមិនត្រូវចាកចេញពីមូលដ្ឋាន ហើយត្រូវមកបង្ហាញមុខនៅប៉ុស្តិ៍នគរបាលរៀងរាល់ពេលកំណត់ តែបើគេចមិនព្រមមកបង្ហាញមុខខាងនគរបាលត្រូវតែ រាយការជូនខាងអយ្យការនិងតុលាការដើម្បីចេញដីកាឃុំខ្លួន។

ចំណុចទី០២ ការអនុវត្តបទប្បញ្ញត្តិនៃការព្យួរទោសសាកល្បង ទណ្ឌិតអាចនៅផ្ទះបានតែហាមចាកចេញពីមូលដ្ឋាន ត្រូវមកបង្ហាញខ្លួនក្នុងពេលកំណត់ប៉ុន្តែបើពេលកំពុងព្យួរទោសនោះទណ្ឌិតនៅតែមិនរាងចាល ត្រូវដាក់ទោសដែលព្យួរនោះឡើងវិញ។
ចំណុចទី០៣ការអនុវត្តបទប្បញ្ញត្តិនៃការអនុវត្តទោសការងារសហគមន៍ ទណ្ឌិតអាចចេញមកធ្វើការក្នុងសហគមន៍ ឬអង្គការក្រៅរដ្ឋាភិបាលបាននៅពេលថ្ងៃ តែពេលយប់ត្រូវទៅដេកក្នុងពន្ធនាគារវិញ ការអនុវត្តបទប្បញ្ញត្តិនេះសំរាប់ទណ្ឌិតណាដែលតុលាការប្រកាសទោស ដាក់ពន្ធនាគារតិចជាងរស្មើបីឆ្នាំ។
លោកព្រះរាជអាជ្ញាបានផ្តល់អនុសាសន៍ និងណែនាំដល់មន្ត្រីនគរបាលយុត្តិធម៌ គ្រប់លំដាប់ថ្នាក់ មុននឹងធ្វើការឃាត់ខ្លួនត្រូវមានដីការ ឬរាយការណ៍តាមទូរស័ព្ទមកឱ្យព្រះ រាជអាជ្ញានិងព្រះរាជអាជ្ញារង ម្យ៉ាងទៀតមិនត្រូវតម្កល់ ឬផ្អឹបសំនុំរឿងទុកដោយមិនចាត់ការនោះទេ បើខាងព្រះរាជអាជ្ញាស៊ើបដឹងមន្ត្រីរូបនោះនឹង ទទួលខុសត្រូវចំពោះមុខច្បាប់ ។
ក្នុងនោះដែរលោកជំទាវ ពៅសុខ សមាជិកក្រុមប្រឹក្សាខេត្តនិងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារខេត្ត បានរិះគន់ទៅលើមន្ត្រីនគរបាលថា គ្មានចំណាត់ការទៅលើបទល្មើសទាំងនោះ លោកជំទាវបានបញ្ជាក់ទៀតថា នៅដើមឆ្នាំ២០១៥នេះនៅក្នុងខេត្តប៉ៃលិន មានបទល្មើសកើតឡើងគួរឱ្យកត់សម្គាល់ ពិសេសគឺក្មេងទំនើងកើតឡើងស្ទើររៀងរាល់ថ្ងៃ ពេលមានពិធីមង្គលការឬពិធីជបើលៀងផ្សេងៗ គេសង្កេតឃើញក្រុមក្មេងទំនើងតែងតែអុកឡុក ចំណែកសមត្ថកិច្ចមិនហាក់ដូចជាមិនហ៊ានបង្ក្រាបទេ ម្យ៉ាងទៀតល្បែងស៊ីសងក៍កើនឡើងពេញទូទាំងខេត្តផងដែរ៕



































