ម៉ូតូ​រ៉ឺម៉ក​ដឹក​ត្រី​ជិះ​ឆ្លងផ្លូវ​ជ្រុល​បុក​ម៉ូតូ​សេ​១២៥​បណ្តាល​ឲ្យ​ក្រឡាប់​គរ​លើ​គ្នា​រង​ការខូចខាត ទាំងសង្ខាង​

0

​ ​ភ្នំពេញ​៖​ម៉ូតូ​រ៉ឺម៉ក​ដឹក​ត្រី​មួយគ្រឿង​បាន​ក្រឡាប់​ផ្ងារជើង​កិន​ពីលើ​ម៉ូតូ​សេ​១២៥ ដោយសារ​យុវជន​ម្នាក់​ជិះ​រ៉ឺម៉ក​ម៉ូតូ​លឿន​បត់​ឆ្លងផ្លូវ​ខ្វះ​ការប្រុងប្រយ័ត្ន​ក៏​ជ្រុល​ទៅបុក​ចំ​ម៉ូតូ​សេ​១២៥​ពេញទំហឹង កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី ព្រឹក​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៤ នៅ​ចំណុច​ខាងជើង​មជ្ឈមណ្ឌល​ម៉ូ​ឌិន​៥ ជាង​១០០​ម៉ែត្រ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​សាមគ្គី សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​ ​

ប្រជាពលរដ្ឋ​ឃើញ​ហេតុការណ៍​ខាងលើនេះ​ប្រាប់​ឲ្យ​ដឹងថា មុនពេល​មាន​គ្រោះថ្នាក់​ចរាចរណ៍​នេះ គឺ​យុវជន​ម្នាក់​បាន​បើក​ម៉ូតូ​រ៉ឺម៉ក​ដឹក​ធុង​ត្រី​មួយគ្រឿង ដឹក​ម្តាយ និង​បងស្រី ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន ហើយ​ពេល​ដល់​ចំណុច​ខាងលើ ស្រាប់តែ​យុវជន​រូបនោះ​បាន​ទាញ​ចង្កូត​ម៉ូតូ​បត់​ឆ្វេង​ឆ្លងផ្លូវ ក្នុង​បំណង​ត្រឡប់​ថយក្រោយ ប៉ុន្តែ​ស្របពេល​ដែល​ស្ត្រី​ម្នាក់​កំពុង​ជិះ​ម៉ូតូ សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BU-9377 ទិសដៅ​ពី​ត្បូង​ទៅ​ជើង ក៏ត្រូវ​ភាគី​ម៉ូតូ​រ៉ឺម៉ក​បុក​ចំពាក់​កណ្តាល​ម៉ូតូ​របស់​នាង បណ្តាល​ឲ្យ​រ៉ឹ​ម៉ក​និង ម៉ូតូ​ដួល​កិន​ពីលើ​គ្នា​រង​ការខូចខាត​ទាំងសង្ខាង ប៉ុន្តែ​នៅក្នុង​ហេតុការណ៍​នោះ​មិន​បណ្តាល​ឲ្យ​ភាគី​ណា​ម្នាក់​ត្រូវ​រងរបួស​ធ្ងន់ធ្ងរ​នោះទេ​។​ ​

ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ប្រាប់​បន្តថា អ្វីដែល​ជាការ​កត់សំគាល់ ក្រោយពី​កើតហេតុ​ភាគី​ទាំងពីរ​មិន​ព្រម​ព្យាយាម​សម្របសម្រួល​គ្នា ដើម្បី​បញ្ចប់រឿង​នោះទេ បែរជា​បញ្ចេញ​កំហឹង​ដាក់គ្នា បង្ក​ការភ្ញាក់ផ្អើល​ដល់​អ្នកដំណើ​រ និង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ចោមរោម​មើល ហេតុការណ៍ បណ្តាល​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​នៅត្រង់ចំណុច​កើតហេតុ​អស់​រយះពេល​ជាង​១​ម៉ោង ទើប​មាន​សមត្ថកិច្ច​មូលដ្ឋាន​ចុះមក​អន្តរាគមន៍​។​ ​ចំពោះ​ករណីនេះ​នគរបាល​មូលដ្ឋាន​ដែល​ចុះ​ដល់​កន្លែងកើតហេតុ​បាន​បញ្ជាក់ថា ភាគី ទាំងពីរ​សម្រេច​ចរចារ​គ្នា បញ្ចប់រឿង​នៅនឹងកន្លែង​កើតហេតុ​តែ​ម្តង ដោយ​មិន​រំខាន​ដល់​សមត្ថ កិច្ច​យើង​ឡើយ ។

ដោយឡែក​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ គឺ​បង្កឡើង​ដោយសារ​ម្ចាស់​ម៉ូតូ​រ៉ឺម៉ក​ដឹក​ធុង​ត្រី​បត់​ឆ្វេង​ឆ្លងផ្លូវ​មិន​បញ្ចេញ​ភ្លើង​សញ្ញា និង​គ្មាន​ការប្រុងប្រយ័ត្ន ទើប​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាតបង់​ពេលវេលា ក៏ដូចជា​ខូចខាត​ទ្រព្យសម្បត្តិ​ខ្លួនឯង​ផងដែរ​។ ដូច្នេះ​ដើម្បី​ចៀសវាង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដូចខាងលើ សូមអ្នក​បើកបរ​យាន​យន្ត​ទាំងអស់ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់បំផុត​៕01 02