ក្នុងខេត្តស្វាយរៀង៖
យោងតាមនគបាលចរាចរណ៍ បានអោយដឹងថា ករណីទី១ បានកើតឡើងនៅភូមិប្រសប់លាក់ សង្កាត់ ប្រាសាទ ក្រុងបាវិត បណ្តាលឲ្យមនុស្សស្រី២នាក់រងរបួសធ្ងន់ ត្រូវបានដឹកយកទៅសង្គ្រោះ នៅមន្ទីរខេត្ត ស្វាយ រៀង ។ ជនរងគ្រោះទី១មានឈ្មោះ ជុំ ចន្ថា ភេទស្រី អាយុ៤៧ឆ្នាំ ជាអ្នកបើកម៉ូតូ បានរងរបួសបែកក្បាល សន្លប់ នៅហ្នឹងកន្លែង ទី២ឈ្មោះ ឆោម វណ្ណី ភេទស្រី
អាយុ៥១ឆ្នាំ រងរបួសបាក់ធ្មេញលើមួយក្រាស់ និងបែក ក្បាល ផុង លលា សន្លប់នៅនិងកន្លែង ។ អ្នកទាំងពីរមានទីលំនៅក្នុងភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿង ម៉ាកស៊ីរុស ព័ណក្រហម អត់ស្លាក់លេខ ឌុបគ្នាទៅលេងផ្ទះម្តាយមីង នៅភូមិប្រសប់លាក់ លុះត្រឡប់មកផ្ទះវិញក៏ជួបគ្រោះថ្នាក់ចរាចរណ៏ ដោយបុរស់ម្នាក់ជិះម៉ូតូមកបុកពេញទំហឹង បណ្តាលឲ្យដួលបោកក្បាលទៅលើថ្នល់ រងរបួសធ្ងន់ទាំង២នាក់តែម្តងទៅ ។ 
ក្រោយកើតហេតុ សមត្ថកិច្ច សហការជាមួយជំនាញ បានចុះដល់កន្លែងកើតហេតុ និងបានហៅរថយន្តសាមុយ ដឹកមកកាន់មន្ទីរពេទ្យខេត្ត ដើម្បីសង្គ្រោះបន្ទាន់ រីឯភាគីខាងបង្ករ ត្រូវសាច់ញាតិដឹកមកកាន់មន្ទីរពេទ្យបង្អែកស្រុក ប្រតិបត្តិជីភូ ។
ដោយទ្បែកករណីទី២ បានកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៥ នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចខាងលិចស្ពានបូម ចម្ងាយ១០០ម៉ែត្រ ស្ថិតនៅភូមិដើមពោធិ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ។ ជនរងគ្រោះមានឈ្មោះ សំ វ័ល្ល ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិអូសំដី ឃុំធ្លក ស្រុកស្វាយជ្រំ ។
បើតាមសមត្ថកិច្ចចរាចរណ៍ ខេត្តស្វាយរៀង បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាអាល់ហ្វា ពណ័ខ្មៅ អត់ស្លាកលេខ ចេញពីរោងការនៅផ្សារប្រសូត្រ ត្រឡប់ទៅធ្វើការនៅការស៊ីណូក្នុងក្រុងបាវិត ទាំងស្ថានភាពស្រវឹងស្រាជោគជាំ ជិះម៉ូតូរេពេញផ្លូវ លុះមកដល់ចំណុចកើតហេតុ ក៏រេចង្កូតធ្លាក់ផ្លូវ ដួលបោកក្បាលទៅលើថ្នល់ជាតិ បណ្តាលឲ្យបែកក្បាល សន្លប់នៅហ្នឹងកន្លែងកើតហេតុ ។
ក្រោយកើតហេតុ សមត្ថកិច្ចចរាចរណ៍បានចុះដល់កន្លែងកើតហេតុ និងបានហៅរថយន្តសាមុយ ដឹកមកកាន់មន្ទីរពេទ្យខេត្តស្វាយរៀង ដើម្បីសង្គ្រោះបន្ទាន់ផងដែរ ។
រីឯម៉ូតូរបស់ជនរងគ្រោះ សមត្ថកិច្ច យកទៅរក្សាទុក នៅអធិការដ្ឋាននគបាល ស្រុកស្វាយទាប រង់ចាំក្រុមគ្រួសារមកយកទៅវិញ ៕



































