យុវជនជាជនសសង្ស័យជួញដូរថ្នាំញៀនម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងតាខ្មៅ ធ្វើការឃាត់ខ្លួន បន្ទាប់ពីបានឆែកឆេររកឃើញថ្នាំញៀនចំនួន៥៦កញ្ចប់ បម្រុងជិះរថយន្តតាក់ស៊ីជិះយកទៅចែកចាយបន្ត។
ការឃាត់ខ្លួនធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៤ ស្ថិតនៅលើរថយន្តតាក់ស៊ី មុខហាងនំបុ័ងហេងចេង ស្ថិតក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល។
លោកវរៈសេនីយត្រី ហ៊ាង ចន្ឋី មេបញ្ជាការកងរាជអាវុធហត្ថក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័ដែលសមត្ថកិច្ចឃាត់ខ្លួនខាងលើឈ្មោះ ធឿន ពៅ ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិ ភូមិ១ សង្កាត់អូឬស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។ លោកបញ្ជាក់ ថាការឃាត់ខ្លួនធ្វើឡើងបន្ទាប់ពី ទទួលបានសេចក្តីរាយការណ៏ពីប្រជាពលរដ្ឋ ជាម្ចាស់រថយន្ត តាក់ស៊ីពីក្រុងតាខ្មៅ ឆ្ពោះទៅស្រុកកោះធំខេត្តកណ្តាល។
បើតាមសាក្សីជាម្ចាស់រថយន្តតាក់ស៊ីឈ្មោះ អឿន ម៉ាលី បានឲ្យដឹងថា ជនសង្ស័យបានឡើង ជិះរថយន្តតាក់ស៊ីរបស់គាត់ គោលបំណងធ្វើដំណើរឆ្ពោះទៅកំពង់ដរកោះទាវ ក្នុងស្រុកកោះធំ ខេត្តកណ្តាល ពេលឡើងជិះរងយន្តមកដល់ចំណុចមុខហាងនំបុ័ងហេងចេង ក៏ឈប់ឲ្យអ្នកដំណើរទិញនំបុ័ង ហើយដើរពិនិត្យរថយន្ត ស្រាប់តែឃើញថង់ខ្មៅនៅខាងក្រោមកៅអីអង្គុយ របស់ជនសង្ស័យ ពេលនោះគាត់ក៏សង្ស័យយកហុចឲ្យសមត្ថកិច្ចជួយឆែកមើល ទើបឃើញថ្នាំញៀនប្រភេទមេតាំហ្វីតាមីន(ម៉ាទឹកកក)ជាច្រើនកញ្ចប់ ក៏ឈានដល់ការឃាត់ខ្លួនតែម្តង។
យ៉ាងណាក៏ដោយជនសង្ស័យឈ្មោះ ធឿន ពៅ មិនបានសារភាពថាថ្នាំញៀនទាំងនោះជា របស់ខ្លួននោះទេ ប៉ុន្តែយោងតាមការពិនិត្យទឹកនោម ឃើញថាឃនសង្ស័យមានសារធាតុញៀននៅក្នុងខ្លួន។
គួរបញ្ចាក់ថាក្នុងមួយកញ្ចប់ៗ នៃថ្នាំញៀនខាងលើមានតម្លៃប្រមាណជា៤ម៉ឺនរៀល។ បច្ចុប្បន្នកម្លាំងកងរាជអាវុធហត្ថ កំពុងធ្វើការសាកសួរនិងធ្វើបាយការណ៏ បញ្ជូនជនសង្ស័យរួមនឹងវត្ថុតាងទៅតុលាការមានចំណាត់ការបន្ត៕


































