ខេត្ដកំពង់ស្ពឺ ៖ សិស្សស្រីម្នាក់ត្រូវបានក្រុមគ្រូៗបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្ដ ដើម្បីឱ្យគ្រូពេទ្យជួយព្យាបាលបន្ទាប់ពីគេប្រលែងគ្នាហើយដួល បណ្ដាលឱ្យបាក់ដៃឆ្វេង ។
ករណី នេះបានកើតឡើងកាលពីវេលា ម៉ោង៦ល្ងាច ថ្ងៃទី២៨ ខែមករា ឆ្នាំ ២០១៥ នៅកន្លែងស្នាក់ការក្នុងសាលា រៀនសន្ដិភាព ស្ថិតក្នុងសង្កាត់រកាធំ ក្រុងច្បារមន ។
បើតាម ប្រភពពីលោកគ្រូដែលជូន សិស្សរងគ្រោះទៅមន្ទីរពេទ្យបានឱ្យដឹងថា សិស្សស្រីរូបនេះបានដួលបាក់ដៃ ខណៈ ដែលនាងប្រឡែងគ្នាលេងនៅក្នុងកន្លែងស្នាក់នៅ ហើយនាងគឺជាកីឡាការិនី បាល់ទាត់ដែលត្រូវបានចាត់ឱ្យមកប្រកួត នៅថ្នាក់ខេត្ដ ។ នាងមានឈ្មោះ វ៉ាន់ ម៉ូលិកា អាយុ១៣ឆ្នាំ ជាសិស្សថ្នាក់ទី៦ នៃអនុវិទ្យាល័យច្រកទៀក ស្ថិតក្នុង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្ដកំពង់ស្ពឺ។
លោក គង់ ប៊ុនសៀង ជាមន្ដ្រីការិយា ល័យអប់រំស្រុកឱរ៉ាល់បានឱ្យដឹងថា សិស្ស ដែលរងរបួស គឺពុំមែនបាក់ដៃក្នុងពេល ប្រកួតនោះទេ នាងបាក់ដៃនៅពេល សម្រាកដោយសារតែនាងប្រឡែងលេងជាមួយមិត្ដភក្ដិហើយរហូតមកដល់ព្រឹក ថ្ងៃទី២៩ អាការរបស់នាងបានធូរស្បើយ ខ្លះហើយ
តែទោះជាបែបនេះក្ដីនាងត្រូវ បានក្រុមគ្រូពេទ្យយកចិត្ដទុកដាក់មើល ថែយ៉ាងដិតដល់ ជាពិសេសក្រោមការ យកចិត្ដទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំ នៃមន្ទីរអប់រំ និងខេត្ដផងដែរ ។ ខាងគ្រូក៏ ដូចជាគណៈកម្មការប្រកួតក៏បានជូន ដំណឹងនេះទៅដល់ឪពុកម្ដាយជាអាណា ព្យាបាលរបស់ក្មេងស្រីនេះរួចរាល់ហើយដែរ ។
សូម បញ្ជាក់ថា ការប្រកួតកីឡានេះ គឺជាការប្រកួតកីឡាសិស្សថ្នាក់ខេត្ដដែល មានសិស្សគ្រប់បណ្ដាស្រុកទូទាំងខេត្ដ មកចូលរួមប្រកួតជាច្រើននាក់ ៕


































