កំពង់ឆ្នាំង៖ម៉ាស៊ីនអាឈើខុសច្បាប់ជាច្រើនគ្រឿងនៅភូមិកណ្តាល ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៏ បាននឹងកំពុងធ្វើសកម្មភាពយ៉ាងអាណាធិបតេយ្យដោយគ្មានការបង្ក្រាបពីមន្ត្រីជំនាញ ឬអាជ្ញាធរមូលដ្ឋានចាប់អារម្មណ៏មានផែនការបង្ក្រាបឡើយ ដោយសារតែបែបនេះធ្វើអោយមានការរិៈគន់ពីសំណាក់ប្រជាពលរដ្ឋថាៈ ពួកគាត់ប្រហែលជាមានលាភសក្ការៈក្នុងបទល្មើសព្រៃឈើនេះហើយ ទើបគ្មានការបង្ក្រាបបែបនេះ ។
ជារៀងរាងរាល់ថ្ងៃនៅក្នុងភូមិកណ្តាល គេឃើញមានម៉ាស៊ីនអាជ្រៀកឈើខុសច្បាប់ប្រមាណ៤០គ្រឿងនៅតាមផ្ទះប្រជាពលរដ្ឋក្នុងភូមិនោះ ធ្វើសកម្មភាពជ្រៀកឈើលាន់ទ្រហឹងអឺងអាប់ ប៉ុន្តែមិនដែលឈឺក្បាលដល់មន្ត្រីជំនាញឬអាជ្ញាធរមូលដ្ឋានឡើយ ដែលសកម្មភាពល្មើសច្បាប់ព្រៃឈើនេះធ្វើអោយអ្នកប្រព្រឹត្តបទល្មើសរិតតែបានដៃគ្មានក្រែងរអារអ្នកណាឡើយ ។
ប្រភពពីប្រជាពលរដ្ឋនៅទីនោះបាននិយាយថាៈ ឈើហ៊ុបដែលគេយកមកអាជ្រៀកទាំងនោះ ត្រូវបានក្រុមល្មើសទៅកាប់ពីស្រុកលើជាប់ព្រុំប្រទល់ខេត្តពោធិសាត់ មានរយៈពេល៥ទៅ៦ថ្ងៃទើបដឹកតាមរទេះត្រឡប់មកវិញ ហើយអារជ្រៀកជាគ្រឿងរួចដឹកយកទៅដាក់តាមដេប៉ូលក់ឈើនានាក្នុងស្រុកបរិបូរណ៏ ។
លោក ពុំ ម៉េង មន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើត្រពាំងចាន់បាននិយាយតាមទូរសព្ទ័ថាៈ លោកទទួលស្គាល់ថាៈពិតជាមានបទល្មើសនេះកើតឡើងក្នុងភូមិកណ្តាលនោះមែន ប៉ុន្តែវាជាលក្ខណៈគ្រួសារទេតែលោកនឹងរាយការណ៏ទៅថ្នាក់លើដើម្បីរៀបផែនការបង្ក្រាប ។
លោក ឃួន សៅរុំ អភិបាលស្រុកបរិបូរណ៏បានមានប្រសាសថាៈ ឈើទាំងនោះបានដឹកពីស្រុកក្រគរខេត្តពោធិសាត់ យកមកអាជ្រៀកនៅភូមិកណ្តាលនេះ តែទោះថាដឹកពីណាមកក៏ខុសច្បាប់ដែរ ។លោកបានអោយមន្ត្រីសង្កាត់ព្រៃឈើត្រពាំងចាន់ចុះទៅបង្ក្រាបនិងធ្វើកិច្ចសន្យាហើយតែបើនៅតែប្រព្រឹត្តទៀតលោកនឹងចាត់ការតាមផ្លូវច្បាប់។
ទោះយ៉ាងណាបទល្មើសខាងលើនេះមិនមែនទើបតែកើតថ្មីៗនោះទេ គឺកើតឡើងច្រើនឆ្នាំហើយមិនដែលឃើញមានសមត្ថកិច្ចណាបង្ក្រាបឡើយ ដែលនេះជាសារមួយជូនដល់ក្រសួងពាក់ពន្ឋ័ សូមជួយមើលមន្ត្រីក្រោមឱវាទរបស់ខ្លួនផង ដែលពេលនេះមានគ្រែធំបន្លំដេកហើយ៕


































