កំពង់ឆ្នាំង៖សមត្ថកិច្ចនៅក្នុងស្នងការនគរបាលខេត្តកំពង់ឆ្នាំងបានទម្លាយលិខិតកត់ឈ្មោះនិងលេខទូរសព្ទ័មួយរបស់អ្នកដឹកឈើប្រណឹត ដែលរកឃើញនៅក្នុងរថយន្តដឹកឈើម្រះព្រៅជ្រកក្រោមគ្រឿងសង្ហារឹម ដែលត្រូវសមត្ថកិច្ចចាប់បានកាលពីព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៥ វេលាម៉ោង៩និង១០នាទីនៅចំណុចស្ពានលោកតាជួន ស័ក្ត៥ ស្ថិតនៅក្នុងភូមិ ជ្រៃបាក់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។លិខិតនេះគេទើបតែទម្លាយអោយដឹងនៅថ្ងៃទី៣០
ខែមករានេះ ដែលនៅក្នុងលិខិតនោះមានកត់ត្រាឈ្មោះនិងលេខទូរសព្ទ័សមត្ថកិច្ចជិត៥០នាក់ ដែលអ្នកដឹកឈើទុកទូរសព្ទ័បង់លុយពួកសមត្ថកិច្ចទាំងនោះជាថ្នូរនិងការបិតភ្នែកបិតមិនចាប់បទល្មើសព្រៃឈើ នៅតាមផ្លូវជាត់លេខ៥ ពីស្រុកវាលវែងដល់ខេត្តកណ្តាល។
សមត្ថកិច្ចអោយដឹងថា ពេលស្ទាក់ចាប់បានរថយន្តនេះ ម្ចាស់ឈើនិងអ្នកបើកបររថយន្តបានចុះរត់ ទាំងប្តីនឹងប្រពន្ធពីលើរថយន្តគេចខ្លួនបាត់បន្សល់ទុករថយន្តសាំយ៉ុង ពណ៏ទឹកប្រាក់ ពាក់ស្លាក់លេខ ភ្នំពេញ2D-2820បានដឹកគ្រឿងសង្ហារឹមដោយមានបង្កប់ឈើម្រះព្រៅបានធ្វើដំណើរពីតំបន់វាលវែងឆ្លកាតខេត្តកំពង់ឆ្នាំងឆ្ពោះទៅក្រុងភ្នំពេញ។នៅក្នុងរថយន្តនោះមានគ្រឿងសង្ហារឹម,គ្រែ១កំប្ល៉េរ,តុបាយធ្វើពីគល់ដើមធ្នុងចំនួន២,តុបាយគល់ដើមម្រះព្រៅចំនួន១សន្លឹក, នឹងប្រភេទឈើម្រះព្រៅចំនួន២សន្លឹកដែលមាន
បណ្តោយ ១,៦០ម ទទឺង១ម កំរាស់១តឹក២ហ៊ុន។
គួរបញ្ជាក់ថា៖ លិខិតនេះត្រូវបានមន្ត្រីនគរបាលម្នាក់លួចបញ្ចេញអោយដឹង ដែលនៅក្នុងបញ្ជីឈ្មោះ កត់លេខទូរស័ព្ទនោះ មានតួនាទីរបស់មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចមួយចំនួនដែលឈរជើងតាមដងផ្លូវជាតិលេខ៥ចាប់តាំងពីស្រុកវាលវែង រហូតដល់ខេត្តកណ្តាលមានចំនួនជិត៥០នាក់ ដើម្បីងាយស្រួលទាក់ទងបង់លុយអោយនៅពេលពួកគេដឹកបទល្មើសឆ្លងកាត់កន្លែងនិមួយៗ។
ប៉ុន្តែនៅក្បាលលើនៃលិខិតនេះ ត្រូវបានគេបិតឈ្មោះនិងលេខទូរសព្ទ័អសស់ចំនួន៦នាក់ ទំនងឈ្មោះទាំង៦នាក់នោះជាអ្នកធំ ឬអ្នកដែលគេស្គាល់ ទើបអ្នកបង្ហាញបញ្ជីឈ្មោះនេះជួយបិតឈ្មោះអោយ ប៉ុន្តែការលួចបិតឈ្មោះជនពុករលួយបែបនេះវាក៏ជាការឃុបឃិតជាមួយជនល្មើសដែរ តាមច្បាប់អ្នកប្រព្រឹត្តនិងអ្នកឃុបឃិត គឺមានទោសដូចគ្នាមិនគួរលេងសើចបែបនេះឡើយ។
ប្រជាពលរដ្ឋបាននិយាយថា៖បើគ្មានការឃុបខិតបើដៃពីមន្ត្រីពុករលួយបំផ្លាញជាតិទាំងអស់នោះទេ បទល្មើសព្រៃឈើក៏មិនអាចដឹកឆ្លងកាត់ទៅលក់បានដែរ ហើយបើពួកជនល្មើសដឹកលក់មិនបានអ្នកកាប់បំផ្លាញព្រៃឈើក៏គ្មានដែរ។ចំពោះអំពើពុករលួយដែលមានការសូកប៉ាន់ជាលក្ខណៈប្រព័ន្ធបែបនេះ បានបង្កអោយព្រៃឈើរបស់ជាតិហិនហោចខ្ទេចខ្ទី ដែលជារឿងមិនត្រូវអត់អោនអោយឡើយ។
លិខិតកត់លេខនិងឈ្មោះទូរសព្ទ័របស់សមត្ថកិច្ចពុករលួយខាងលើនេះគឺជាភស្តុតាងមួយយ៉ាងសំខាន់ណាស់របស់ស្ថាប័នអយ្យការតុលាការ និងអង្គភាពប្រឆាំងអំពើពុករលួយ ប្រជាពលរដ្ឋរង់ចាំមលើថាមានភស្តុតាងប៉ុណ្ណឹងហើយ តើតុលាការខេត្ត និងលោកប្រធានអង្គភាពប្រឆាំងអំពើពុករលួយអាចចាប់ខ្លួនមន្ត្រីពុករលួយបំផ្លាញជាតិទាំងអស់ខាងលើនេះបានដែរឬទេ ការប៉ាន់ស្មានរបស់ប្រជាពលរដ្ឋថា មាន
សង្ឃឹមតិចណាស់ សម័យទន្សោងគោព្រៃដូចសព្វថ្ងៃនេះ៕


































