ពីវេលាម៉ោង១១ និង ៣០នាទីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៤ នៅភូមិកែឡាត ឃុំពន្លៃ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង ម៉ូតូចំនួន១០គ្រឿង និង មាន់គក៥ក្បាល ជារបស់ម្ចាស់អ្នកញៀនល្បែងប្រជល់មាន់ បានបន្សល់ទុករត់ចោលនៅពេលដែលកម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទ័ណ្ឌស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ចុះទៅបង្ក្រាបដោយសម្ងាត់ ។
តាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា ទីតាំងសៃវេណប្រជល់មាន់ដែលសមត្ថកិច្ចចុះទៅបង្ក្រាបនេះ ជារបស់ឈ្មោះ ប៉ាល់ សុធន់ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិជើងខ្នា ឃុំពន្លៃ ស្រុកបរិបូរណ៌ ។ កន្លែងនេះបានបើកលេងជាយូរណាស់មកហើយ មានអ្នកចូលលេងច្រើនមកពីក្នុងតំបន់នេះនិងមកពីក្រៅតំបន់នេះហើយអាជ្ញាធរនៅក្នុងមូលដ្ឋាននេះសុទ្ធតែបានដឹងព័ត៌មាននេះ ប៉ុន្តែមិនដែលចុះបង្ក្រាបនោះទេ ។ ក្នុងពេលបង្ក្រាបនេះសមត្ថកិច្ចបានរឹបអូសបានម៉ូតូ១០គ្រឿងនិងមាន់៥ក្បាល ជញ្ជីង១ ។
គឺសមត្ថកិច្ចនគរបាល ការិយាល័យព្រហ្មទ័ណ្ឌកម្រិតស្រាល បានបញ្ជាក់ទៀថា កិច្ចប្រត្តិបត្តិការបង្ក្រាបនេះ កម្លាំងរបស់ខេត្តបានចុះទៅជាសម្ងាត់ មិនបានផ្តល់ព័តមានមុនទៅអាជ្ញាធរស្រុក ឬ សមត្ថកិច្ចនគរបាលស្រុកបរិបូរណ៍នោះទេ ដើម្បីកុំអោយធ្លាយព័ត៌មាន ដែលអាចធ្វើអោយម្ចាស់សៃវេណប្រជល់មាន់ដឹងខ្លួនមុន ហើយរៀបចំផែនការលាក់បំបាំង និង មិនធ្វើសកម្មភាព ។ ក្រោយពីបង្ក្រាបបានទីតាំងហើយទើបកម្លាំងរបស់ខេត្ត ផ្តល់ព័ត៌មានទៅកម្លាំង នគរបាលស្រុកបរិបូរណ៌ដើម្បីសហការតែម្តង ។
សមត្ថកិច្ចអោយដឹងទៀតថា ចំពោះម្ចាស់សៃវេណ នឹងរាយការណ៍ទៅព្រះរាជអាជ្ញា ដើម្បីសុំគោលការណ៍ អនុវត្តតាមនីតិវិធី ។ ដោយឡែកចំពោះម្ចាស់ម៉ូតូ អប់រំ និង ធ្វើកិច្ចសន្យាដោយធ្វើការពិន័យ ។មជ្ឈដ្ឋាននានាបានសំដែងនូវការស្វាគមន៌ចំពោះកិច្ចបង្ក្រាបល្បែងស៊ីសងគឺល្បែងប្រជល់មាន់នេះនៅស្រុកបរិបូរណ៍ ហើយសូមអោយសមត្ថកិច្ចធើ្វការបង្ក្រាបបន្តទៀត នៅគ្រប់ ស្រុកនិងក្រុងរបស់ខេត្តកំពង់ឆ្នាំង ដើម្បីចូលរួមពង្រឹងការអនុវត្តនូវគោលនយោបាយភូមិឃុំ មានសុវត្តិភាពអោយមានភាពប្រសើរឡើង ។
ហើយការរឹបអូសម៉ូតូនិងមាន់របស់អ្នកញៀនល្បែងប្រជល់មាន់នេះប្រជាពលរដ្ឋកំពុងរង់ចាំមើលថាតើការចាប់យកមកនេះគ្រាន់តែយកមកដើម្បីអោយបង់ពិន័យហើយលែងអោយតរួចខ្លួន ឬ អនុវត្តតាមផ្លូវច្បាប់ ហើយនឹងចាត់វិធានការបែបណាចំពោះម្ចាស់សៃវេណប្រជល់មាន់នេះ ។


































