លោកយាយអាយុ៨០ឆ្នាំមានឈ្មោះ កាន់ ចាន់ រួមទាំងចៅ៣នាក់មានទីលំនៅភូមិម៉ុងបារាំងសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំងនឹងជាម្ចាស់ដីត្រួវបានអាជ្ញាធរក្រុងកំពង់ឆ្នាំង ហាមឃាត់មិនឲ្យគាត់ចាក់ដី សាងសង់ កាន់កាប់ ដោយបានចោទថា ជាដីចំណីផ្លូវ ដោយអាជ្ញាធរក្រុងកំពង់ឆ្នាំងផ្អែកលើរបាយការណ៏ ប្រវត្តិដី របស់សង្កាត់ប្អេរដែលធ្វើបញ្ជូនទៅ ។
លោកយាយកាន់ ចាន់ និងកូនចៅបានអះអាងប្រាប់សារព័ត៏មានយើងឲ្យដឹងថា៖ដីនេះគាត់បានកាន់កាប់តាំងពីឆ្នាំ១៩៧៩មកហើយ ដែលកាលនោះ ខាងទាហ៊ានបានផ្តល់ដីឲ្យទៅប្រជាពលរដ្ឋនឹងគ្រួសារកងទ័ពដែលបានរស់នៅ ក្នុងតំបន់នោះដើម្បីកាន់កាប់រៀងៗខ្លួន ដោយសារកន្លងមកលោកយាយមិនមានលទ្ធភាពចាក់ដីនឹងសាងសង់ទេ គឺទុករក្សារដីនេះសំរាប់ទុកឲ្យចៅកំព្រារឪពុកម្តាយ នៅតូចៗចំនូន៣នាក់នៅក្នុងបន្ទុកចិញ្ចឹមថែរក្សារ ដោយពឹងផ្អែកលើការលក់នំ ចំណីនៅមុខផ្ទះ។
នៅថ្ងៃទី២៣ខែមករាឆ្នាំ២០១៥ កូនចៅរបស់គាត់បានរៃលុយគ្នាដើម្បីចាក់ដី បំពេញក្រឡុក ទើបតែបានប្រហែល៥០ឡានស្រាប់តែនៅថ្ងៃទី២៨ខែមករាឆ្នាំ២០១៥បានហាមឃាត់មិនឲ្យធ្វើបន្តពីសំណាក់មន្ត្រីសាលាក្រុងនឹងមានលិខិតហាមឃាត់ថែមទៀតផង។
បើយោងតាមលិខិតបញ្ជាក់១ច្បាប់របស់ លោក សួន ប៉ិល ដែលជានាយទាហ៊ាន នៅប្រចាំការបន្ទាយវីរៈ១(ហៅថាបន្ទាយឆេះ)នឹងជាអ្នកដែលបានទទួលបទបញ្ជាបែងចែកដីដល់ប្រជាពលរដ្ឋបានបញ្ជាក់យ៉ាងច្បាស់ថាដីនោះគឺជាដីរបស់លោកយាយ កាន់ ចាន់ ពិតប្រាកដមែន ។
លោកយាយនិងក្រុមគ្រួសារបានបញ្ជាក់ថាមុននេះ១ឆ្នាំ មានឈ្មោះ សិដ្ឋ សុខរិន ជាមេឃុំសង្កាត់ប្អេរ បានហៅរូបគាត់ទៅជំរិតទារប្រាក់ចំនួន៣០០០ដុល្លារ ទើបឲ្យដីនោះមកជាកម្មសិទ្ធរបស់គាត់ បានហៅរូបគាត់ម្តងហើយម្តងទៀត ទើបក្រោយមកក៏មានឈ្មោះចេង គឹមហៀង សមាជិកក្រុមប្រឹក្សាសង្កាត់ប្អេរ បានដាក់ពាក្យបណ្តឹងទៅកាន់សាលាក្រុងដើម្បីហាមឃាត់ដីរបស់គាត់មិនឲ្យកាន់កាប់។
បើតាមតំលៃដីនោះ គឺមានតំលៃប្រហែល៥ម៉ឹនដុល្លារ ហើយបើយោងតាមការរៀបរាប់ពីម្ចាស់ដីឃើញថាក្រោយពីជំរិតទារប្រាក់៣០០០ដុល្លារពីលោកយាយម្ចាស់ដីមិនបាន ហេតុដូចនេះហើយ បានជាចៅសង្កាត់ប្អេរ សិដ្ឋ សុខរិន នឹងឈ្មោះ ចេង គឹមហៀង សមាជិកក្រុមប្រឹក្សាសង្កាត់ប្អេរ បាននាំគ្នារៀបចំឯកសារក្លែងក្លាយដែលមានការកូសលុប ខុសពី
ឯកសារដើម បំបាត់ឈ្មោះម្ចាស់ដីឈ្មោះទុយ ស៊ីម ដែលត្រួវជាប្តីរបស់លោកយាយ កាន់ចាន់ ដែលដីនោះមានបណ្តោយ ៦០ម៉ែត្រ ទទឺង២៤ម៉ែត្រ ចេញពីលើប្លង់រួមរបស់បន្ទាយឆេះដាក់ជូនទៅកាន់អភិបាលក្រុងកំពង់ឆ្នាំងដើម្បីហាមឃាត់ក្នុងន័យក្លែងបន្លំឯកសារដើម្បីរំលោភយកដីរបស់ប្រជាពលរដ្ឋ ដោយបានប្រើប្រាស់ជ្រកក្រោមដីចំណីផ្លូវ។
កន្លងមកអភិបាលខេត្តកំពង់ឆ្នាំងធ្លាប់បានជួយដល់ប្រជាពលរដ្ឋជាច្រើន ពាក់ព័ន្ធនឹងការស្រេកឃ្លានយុត្តិធម៏ លោកយាយ កាន់ ចាន់ បានសំណូមពរអភិបាលខេត្តកំពង់ឆ្នាំង មេត្តាជួយផ្តល់យុត្តិធម៏ដល់រូបគាត់ផង។


































