ហេតុការណ៍ដ៏គួរអោយភ្ញាក់ផ្អើលមួយ ដែលបានធ្វើប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅក្នុងម្លុកបូដិញ រើឥវ៉ាន់យ៉ាងប្រញាប់ប្រញាលទាំងយប់ ដើម្បីរកកន្លែងមានសុវត្ថិភាព សម្រាប់ស្នាក់នៅជាបណ្តោះអាសន្ន គឺដោយសារតែអាគារផ្ទះរបស់ពួកគាត់កំពុងតែទទួលរងនូវការប្រេះស្រាំ និងអាចមាន គ្រោះថ្នាក់កើតឡើងជាយថាហេតុ ព្រោះពួកគាត់បានអះអាងថាបណ្តាលមកពីក្រុមហ៊ុនBIAXIS សាងសង់ខុនដូខុសបច្ចេកទេស ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦នឹង៥០នាទីល្ងាច ថ្ងៃទី១ ខែកុម្ភះ ឆ្នាំ២០១៥ នៅអាគារស្នាក់ផ្ទះម្លុកបូដិញ ផ្នែកខាងត្បូង ស្ថិតក្នុងភូមិទី២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការ ។
តាមការរៀបរាប់ របស់ប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលកំពុងតែទទួលរងនូវផលប៉ះពាល់ ដែលមិនហ៊ានស្នាក់នៅក្នុងផ្ទះរបស់ខ្លួន ដោយសារតែមានការភ័យខ្លាចបានអោយដឹងថា អាគារនៅក្នុង ម្លុកបូដិញខាងលើនេះ ហេតុតែអគារស្នាក់នៅមួយនេះមានសភាពចាស់ក៏ពិតមែន ប៉ុន្តែពួកគាត់រស់នៅ ទីនេះអស់រយះពេលជាច្រើនឆ្នាំមកហើយ មិនដែលបានប្រទះជាមួយនឹងហេតុការណ៍ ដ៏គួរអោយភ័យខ្លាចយ៉ាងដូច្នេះទេ ទើបតែ២ទៅ៣ខែនេះតែប៉ុណ្ណោះ
ក្រុមហ៊ុន BIAXIS ដែលកំពុងសាងសង់ខុនដូ បានបុកគ្រិះ និងជីកជំរៅចុះទៅខាងក្រោមយ៉ាងជ្រៅ ។ ប្រភពបន្តថា មានប្រជាពលរដ្ឋជាច្រើនគ្រួសារ បាននាំគ្នាធ្វើលិខិតស្នើរអោយអាជ្ញាធរថ្នាក់សង្កាត់ជាច្រើនលើកណាស់មកហើយ ក្នុងការអោយចុះមកពិនិត្យ នូវផ្អាកការសាងសង់ ប៉ុន្តែមិនដែលមានអាជ្ញាធរមូលដ្ឋានណាម្នាក់អើរពើនោះទេ ។
មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋជាច្រើនគ្រួសារ បានសំណូមពរដល់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាអា ជ្ញាធរពាក់ព័ន្ឋទាំងអស់ មេត្តាចុះមកពិនិត្យផ្ទាល់ដល់កន្លែងកើតហេតុ និងចាត់វិធានការផ្អាក់ការសាងសង់ នូវសំណង់ខុនដូនេះជាបន្ទាន់ ដើម្បីបញ្ចៀសហេតុការណ៍អាក្រក់ កើតមានឡើងជាយថាហេតុនៅថ្ងៃណាមួយ ៕


































