កំពង់ឆ្នាំង.៖បុរសម្នាក់ជាអ្នកជិះកង់បានរងរបួសធ្ងន់ធ្ងរក្នុងករណីគ្រោះថ្នាក់ចរាចរណ៏មួយ ខណៈដែលជនរងគ្រោះខាងលើនេះជិៈកង់ឆ្លងថ្នល់ជាតិមិនប្រយត្ន័ត្រូវរថយន្តម៉ាក CRV បុកពេញទំហឹង។ហេតុការណ៍នេះបានកើតឡើងនៅម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៥ លើផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិអូរសណ្តាន់ ឃុំទឹកហូត ស្រុករលាប្អៀរ។
សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុករលាប្អៀរបាននិយាយអោយដឹងថាៈ ជនរងគ្រោះក្នុងករណីនេះមានឈ្មោះ ប៉ិច ហាត ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ចំណែកអ្នកបើកបររថយន្តម៉ាក CRV ពណ៏ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2L. 2274 បានរត់គេចខ្លួនបាត់ក្រោយពេលបានបង្កគ្រោះថ្នាក់ដលជនរងគ្រោះ។
សមត្ថកិច្ចបានបន្តអោយដឹងថាៈ នៅមុនពេលកើតហេតុបុរសរងគ្រោះខាងលើបានជិៈកង់ចេញពីផ្លូវលំ ហើយបានជិះឆ្លងកាត់ថ្នល់ជាតិលេខ៥ដោយមិនបានប្រយ័ត្នមើលឆ្វេងស្តាំ ស្រាប់តែមានរថយន្តខាងលើដែលបានធ្វើដំណើរក្នុងទិសពីត្បូងទៅជើង គេចមិនទាន់ក៏បានបុកកង់ពេញទំហឹងបណ្តាលអោយបុរសជារងគ្រោះប៉ើងខ្ទាតជាច្រើនម៉ែត្ររបួសធ្ងន់សន្លប់ធំស្តូកស្តឹងតែម្តងនៅកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យខេត្ត ដឹកយកមកសង្គ្រោះ ចំណែកអ្នកបើករបររថយន្តបង្កបានគេចខ្លួនបាត់ទុករថយន្តខ្លួននៅកន្លែងកើតហេតុ ប៉ុន្តែអ្នកបើបបររថយន្តបង្ករូបនោះ មានគេស្គាល់ថាជាមន្ត្រីរាជការម្នាក់នៅមន្ទីរមួយនៅក្នុងខេត្តកំពង់ឆ្នាំង ដែលជាធម្មតាពេលបង្កគ្រោះថ្នាក់ចរាចរណ៍ដល់ជនរងគ្រោះគេត្រូវតែគេចខ្លួនសិនដើម្បីសន្តិសុខផ្ទាល់ខ្លួន។
រថយន្តបង្កនិងកង់ជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ អូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករលាប្អៀរ កសាងសំណុំរឿងនិងប្លង់គ្រោះថ្នាក់តាមនិតិវិធី ដើម្បីរង់ចាំការដោះស្រាយជាមួយភាគីទាំង២តាមផ្លូវច្បាប់៕


































