កំពង់ឆ្នាំង៖ អ្នកបើកបរនិងព្រូ២នាក់បានរបួសស្រាលរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៏គួររន្ធត់មួយ ដោយរថយន្តម៉ាក IZUZU ទៅបុកជុងជាមួយនឹងចុងឬស្សីជាច្រើនដើម ដែលដឹកលើរថយន្តកែឆ្នៃពីក្រោយពេញទំហឹង បណ្តាលអោយធ្លាយកាប៊ីននិងកញ្ចក់រថយន្ត ដែលមើលទៅគួរអោយញាក់សាច់។ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង៧ និង១០នាទីយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៥ លើផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិថ្មី ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចនគរបាលស្រុកបរិបូណ៌បាននិយាយអោយដឹងថាៈ អ្នកបើករថយន្តនិងព្រូដែលបានគេចផុតពីគ្រោះថ្នាក់ដល់ជីវិតនោះមានឈ្មោះ សយ សុភ័ក្រ អាយុ២២ឆ្នាំ រស់នៅខណ្ឌ័ដង្កោ រាជធានីភ្នំពេញ ជាអ្នកបើកបរ និងព្រូរថយន្តមិនបានស្គាល់អត្តសញ្ញាណទេ ពួកគេបើករថយន្តម៉ាក IZUZU ពណ៌ស ពាក់ ស្លាកលេខ ស្វាយរៀង 3A. 0501។ចំណែកអ្នកបើកបររថយន្តកែឆ្នៃដឹកដើមឬស្សីមាន ឈ្មោះ ឡាំង គឹម លៀង អាយុ៥៨ឆ្នាំ រស់នៅ ភូមិក្រាំងវែង ឃុំស្នាអន្សា ស្រុកគ្រគរ ខេត្តពោធិសាត់។
មុនពេលកើតហេតុ អ្នកបើករថយន្តកែឆ្នៃយន្តបានដឹកដើមឬស្សីរាប់រយដើមលៀនចេញទៅក្រោ យ ដោយពុំមានចងស្លាកសញ្ញាអ្វីឡើយ ពេលមកដល់ចំណុចកើតហេតុរថយន្តធុនធំខាងលើ បានបើកមកពីក្រោយ ពេលចាំងនឹងភ្លើងហ្វារថយន្តមួយគ្រឿងទៀតបើកមកពីមុខងងឹតមើលមិនឃើញ ក៏បានជ្រុលទៅបុកចុងដើមឬស្សីជុងធ្លាយចូលក្នុងកាប៊ីននិងកញ្ចក់រថយន្ត ពេលនោះអ្នកបើកនិងព្រូបានឱនចុះគេចផុត គ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ បើមិនឱនចុះគេចមិនទាន់ទេនោះចុងឬស្សីនឹងបុកទម្លាយដើមទ្រូងរបស់គេទាំង២នាក់ស្លាប់ជាពុំខាន ដែលនេះពិតជាចាត់ទុកជាសំណាងមួយក្នុង១០០គ្រោះថ្នាក់។
ឈ្មោះ ឡាំង គឹម លៀង ជាអ្នកបើកបររថយន្តកែឆ្នៃ បាននិយាយអោយសមត្ថកិច្ចដឹងថាៈរូបគាត់បានទិញដើមឬស្សីនេះពីតាមភូមិឃុំនានា នៅក្នុងខេត្តកំពង់ឆ្នាំង ដឹកយកទៅលក់នៅឃុំកំពង់ហ្លួង ស្រុកក្រគរ ខេត្តពោធិសាត់ ករណីគ្រោះថ្នាក់នេះគឺរថយន្ត IZUZU បានបើកយ៉ាងលឿនមកបុកគូថរថយន្តកែឆ្នៃគាត់ពីក្រោយពេញទំហឹងតែម្តង។

ក្រោយពេលកើតហេតុ ជនរងគ្រោះទាំង២នាក់ត្រូវបានគេដឹកទៅព្យាបាលរបួស នៅក្នុងមណ្ឌល សុខភាពស្រុកបរិបូណ៌ ចំណែកមធ្យោបាយទាំង២គ្រឿងត្រូវបានសមត្ថកិច្ចនគរបាលនាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបរិបូណ៌ កសាងសំណុំរឿងតាមផ្លូវច្បាប់ ដើម្បីរង់ចាំការដោះស្រាយជា មួយភាគីទាំង២តាមនិតិវិធីនៅពេលក្រោយ៕



































