បុរស​ស្រវឹងស្រា​ជោកជាំ​ម្នាក់​បើក​រថយន្ត​ពាក់​ស្លាក​លេខ​អង្គការ​ទៅមុខ​លែងរួច​ឈប់​លើផ្លូវ​ដេក​ធ្វើ​ព្រងើយ​បង្ក​ភាព​ភ្ញាក់ផ្អើល​

​រាជធានី​ភ្នំពេញ ៖ បុរស​ស្រវឹងស្រា​ជោកជាំ​ម្នាក់​បាន​បើក​រថយន្ត​ដែល​ពាក់​ស្លាក​លេខ​អង្គការ​បាន​មក​ឈប់​លើ​ផ្លូវ​ដេក​ធ្វើ​ព្រងើយ​ដោយ​មិន​ខ្លាច​ក្រុមចោរ​លួច​របស់របរ​ក្នុង​រថយន្ត​បន្តិច​សោះឡើយ ដែល​ហេតុការណ៍​បង្ក​អោយមាន​ភាព​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្រោយ​

សកលវិទ្យា​ល័យ​អន្តរជាតិ​IU ដែល​ស្ថិត​នៅលើ​ផ្លូវ​បេតុង​១០១១ ស្ថិតក្នុង​ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ កាលពី​វេលា​ម៉ោង​១១​និង​៥៣​នាទី​យប់​ថ្ងៃទី​២០​ខែ​មិនា​ឆ្នាំ​២០១៤​។​
​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បានឱ្យដឹងថា នៅ​មុនពេល​គេ​ឃើញ​បុរស​ស្រវឹងស្រា​ជោកជាំ​ខាងលើ​បើករថយន្ត​មក​ឈប់​ដេក​នៅលើ​ផ្លូវ គេ​ឃើញ​រូបគាត់​បាន​បើក​រថយន្ត​មួយ​គ្រឿង​ម៉ាក​នី​សាន់ ពណ៌​ស ពាក់​ស្លាក​លេខ 01-5607 ចេញពី​ហាង​ផឹកស៊ី​មួយ​នៅតាម​បណ្ដោយ​ផ្លូវ​១៩៨៦ ហើយ​ធ្វើ​ដំណើរ​យ៉ាង​លឿន​មក​ដល់​ផ្លូវ​បេតុង​១០១១ ក្រោយ​សាកល​វិទ្យា​អន្តរជាតិ​IU ស្រាប់តែ​រូបគាត់​បាន​ឈប់​រថយន្ត​លើ​ផ្លូវ​ហើយ​បើកភ្លើង​ចោល​ដេក​ធ្វើ​ព្រងើយ​ក្នុង​រថយន្ត​ដោយ​មិន​ខ្លាច​ក្រុមចោរ​ខ្ទើយ​ដែល​ល្បី​ខាង​លួច​របស់របរ​អ្នក​ដែល​ស្រវឹង​ហើយ​ចូលចិត្ត​ឈប់​រថយន្ត​ដេក​ដូច​រូប​គាត់​នេះ​ឡើយ​។​
​ឃើញ​ដូច​នោះ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ម្ដុំ​នោះ​បាន​នាំគ្នា​ទៅ​មើល​ហើយ​ព្យាយាម​គោះ​ទ្វារ​រថយន្ត​ដាស់​បុរស​ស្រវឹងស្រា​នោះ​តែ​ដាស់​មិន​ភ្ញាក់​ទើប​ពួកគាត់​សម្រេចចិត្ត​ទូរស័ព្ទ​ទៅ​ប្ដឹង​លោក ម៉ក់ ហុង អធិការ​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​អោយ​សមត្ថកិច្ច​ក្រោម​ឱវាទ​ចុះមក​អន្តរាគមន៍​ដាស់​បុរស​ស្រវឹងស្រា​ជោកជាំ​ខាងលើ​តែ​មិនឃើញ​មាន​សមត្ថកិច្ច​ណា​ម្នាក់​ចុះ​មក​អន្តរាគមន៍​ឡើយ​ធ្វើ​អោយ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ម្ដុំ​នោះ​មាន​អារម្មណ៍​ខឹងសម្បារ​យ៉ាង​ខ្លាំង​និង​ធ្វើ​ការរិះគន់​ដល់​លោក ម៉ក់ ហុង អធិការ​ខណ្ឌ​សែន​សុខ​ហាក់ដូចជា​គ្មាន​សមត្ថភាព​និង​ធ្វើការ​ដោះស្រាយ​រាល់​ពាក្យបណ្ដឹង​ដែល​ប្រជាពលរដ្ឋ​ប្ដឹង​នោះឡើយ​។​
​ក្រោយពេល​ប្រជាពលរដ្ឋ​អស់ជំនឿ​លើ​សមត្ថកិច្ច​ម្នាក់ៗ​សុទ្ធតែ​គ្រវីក្បាល​ហើយ​នាំគ្នា​ដើរ​ចេញ​ដោយ​ទុក​អោយ​បុរស​ស្រវឹងស្រា​ជោកជាំ​ខាងលើ​ដេក​ក្នុង​រថយន្ត​បន្តទៅ​ទៀត​ទៅ​៕​

0 1