ខេត្តបាត់ដំបង ៖ បុរសម្នាក់យកដែកស្បែងជីកដីសើមៗ បម្រុងយកទៅធ្វើបិទពីលើឡដុតធ្យូងលក់ ដើម្បីកុំឱ្យប្រេះ បណ្តាលឱ្យចុងដែកស្បែងប៉ះចំគីបគ្រាប់មីន ផ្ទុះខ្ទាតអំបែងត្រូវរងរបួសធ្ងន់ ហើយអំបែងខ្ទាតចំកូនប្រុសតូចម្នាក់កំពុងឈរលេងនៅក្បែររងរបួសធ្ងន់ដែរ ត្រូវបាន
អង្គការអភិរក្សសត្វព្រៃ (MJP) ដឹកតាមរថយន្តដើម្បីយកទៅសង្គ្រោះ លុះដល់ពាក់កណ្តាលផ្លូវក៏ទាក់ទងឱ្យរថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនដឹកបន្តយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនតែម្តង ។ ហេតុការណ៍ជីកដីប៉ះគីបមីននេះ បានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៥ ស្ថិតនៅចំណុចស្លេវ ក្នុងភូមិសំឡូត ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ។ ប្រភពព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះ ឈ្មោះ លឿង ស្រង់ ភេទប្រុស អាយុ៥១ ឆ្នាំ របួសរយះស្មងជើងឆ្វេង របួសប្រអប់ជើងស្តាំ និងដៃឆ្វេងធ្ងន់ ។ ចំណែកកូនប្រុសតូច ម្នាក់ទៀត ឈ្មោះ លឿង សីហា អាយុ៥ឆ្នាំ រងរបួសពោះ រយះជើងស្តាំ រយះត្របកភ្នែកឆ្វេ ង និងមុតដើមទ្រូងផ្នែកខាងស្តាំ ទាំងពីរនាក់ឪពុក កូនរស់នៅភូមិកើតហេតុខាងលើ ។ ប្រភពដដែលបានឱ្យដឹងទៀតថា មុនពេលកើតហេតុ បុរសរងគ្រោះខាងលើបាននាំ ប្រពន្ធកូនទៅកាប់ព្រៃ និងជីកដីដើម្បីធ្វើឡដុតធ្យូងលក់ អស់រយៈពេលជាច្រើនថ្ងៃកន្លងម ក
ហើយ លុះនៅថ្ងៃកើតហេតុ ខណៈកំពុងតែដុតធ្យូងហុយទ្រលោម ស្រាប់តែឃើញឡមា នសភាពប្រេះបន្តិច ទើបទាញយកដែកស្បែងទៅជីកដីសើមៗនៅក្បែរឡនោះ ទើបបណ្តាលឱ្យចំគីបគ្រាប់មីនផ្ទុះលាន់យ៉ាងខ្លាំង ហើយអំបែងខ្ទាតត្រូវរងរបួសទាំងពីរនាក់ឪពុកកូន ។ លុះបន្តិចក្រោយមកប្រពន្ធជនរងគ្រោះឈ្មោះ ឆិល សាទុំ អាយុ៤៣ឆ្នាំ ត្រឡប់មកពីដងទឹកអូរស្លេវវិញឃើញប្តីនិងកូនរងរបួស ក៏ស្រែកយំស្ទុះរត់ទៅហៅអង្គការការពារសត្វព្រៃ(MJP) ឱ្យដឹកយកទៅសង្គ្រោះ លុះដល់ពាក់កណ្តាលផ្លូវ ខាងអង្គការទាក់ទងរថយន្តមន្ទីរ ពេទ្យបង្អែកខេត្តឱ្យដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនទាន់ពេលវេលា ។

រហូតមកដល់បច្ចុប្បន្ននេះ ជនរងគ្រោះជាឪពុកមិនទាន់ដើររួចនៅឡើយទេ ដោយ សាររបួសជើងឆ្វេងធ្ងន់ធ្ងរ រីឯក្មេងតូចជាកូនមានសភាពធូរស្រាលជាងមុន ហើយសំណាង ល្អមិនប៉ះពាល់ដល់ភ្នែកនោះ ។ សូមបញ្ជាក់ថា ជនរងគ្រោះខាងលើ ដើរដោះគ្រាប់មីននៅកន្លែងកើតហេតុដោយផ្ទាល់ខ្លួនឯង ដើម្បីរានព្រៃយកដីដំណាំសម្រាប់ចិញ្ចឹមជីវិត ៕


































