ខេត្តកំពង់ឆ្នាំង: ប្រជាពលរដ្ឋនិយាយថា បទល្មើសនេសាទនៅស្រុកជលគីរី នៅរដូវទឹកសំរក់ ឆ្នាំ២០១៥នេះ គឺមានសន្ទុះកើនឡើងទ្វេគុណ ពីឆ្នាំ២០១៤ ដោយសារតែអសមត្ថភាពរបស់ សមត្ថ កិច្ចរដ្ឋបាលជលផលនិងសមត្ថកិច្ចអាជា្ញធរ។ បទល្មើសនេសាទនេះ ក្រៅពីបទល្មើស
អួនខ្នាតធំ ដែលប្រើដោយកំលាំងម៉ាស៊ីននោះគឺនៅ មានបទល្មើសរបាំងភ្ជិតចរាចរត្រី ដែលត្រីចុះតាមទឹកស្រក់,របាំងស្បៃមុង,របាំងធ្នួស នៅទន្លេដែល មានលក្ខណខុសបច្ចេសទេសច្បាប់អនុញ្ញាតិ,មងគ្រោប,ឆក់,ឆៃរ៉ានិងសំរាស់រាប់ពាន់ដុំ នៅទន្លេ ព្រែក បឹងនិងនៅក្នុងតំបន់អភិរក្ស ព្រែកស្ដីដង្គង និង បឹងប្រា ចំណុចប្រលិច។ ប្រភពពីប្រជាពលរដ្ឋនេះ បានបន្តថា បទល្មើសនេសាទ នៅក្នុងតំបន់អភិរក្ស គឺគ្មានបទ ល្មើសណាមួយដែលគ្មានការបើកភ្លើងខៀវពីសមត្ថកិច្ចជលផល ជាឆ្នាំនៅកន្លែងនោះទេ ហើយការ បង្ក្រាបនៅក្នុងតំបន់អភិរក្សនិងដែននេសាទសាធារណ គឺធ្វើឡើង តែបទល្មើសនេសាទណា ដែល គ្មានការបើកភ្លើងខៀវពីពួកគេ(ជលផល)តែប៉ុណ្ណោះ ។ តួយ៉ាង ដូចជាបទល្មើសនេសាទ អួនខ្នាតធំ ៣គ្រឿង ដែលប្រើដោយកំលាំងម៉ាស៊ីនធន់ធំ ធ្វើសកម្មភាពនេសាទ នៅទន្លេធំ ឃុំពាមឆ្កោក ក្បែរ នឹងទីស្នាក់ការជលផល សង្កាត់ជលគីរីនេះ ក៏មិនដែលឃើញសមត្ថកិច្ចជលផលនេះ ទៅរំខានឬ បង្ក្រាបឡើយ។ ប្រភពនេះបានបន្តទៀតថា ថៅកែអួននេះឈ្មោះង្វៀង យ៉ាំងងិន ជនជាតិយួន នៅក្បាល កោះពាមឆ្កោក និងអួន១គ្រឿងទៀតជាជនជាតិយួនដែរ ប៉ុន្តែឈ្មោះ ឃាក ស៊ីម នៅព្រែកសេះ ឃុំ ពាមឆ្កោកនេះ បានចេញមុខថាខ្លួន ជាអ្នករត់ការកាង។
ប្រជាពលរដ្ឋបាននិយាយដោយរិះគន់ សមត្ថកិច្ចរដ្ឋបាលជលផលថា ឈ្មោះ ឃាក ស៊ីមនេះ ជាមេក្លោងប្រព្រឹត្តបទល្មើសនេសាទ ស្ទើរគ្រប់ប្រភេទក្នុងរដូវបិទនិងបើកនេសាទ ពោលគឺនៅរដូវ ទឹកតំឡើង រហូតដល់ទឹកសំរក់ ឈ្មោះ ឃាក ស៊ីមនិងបងប្អូនគេ បានដាក់របាំងណរ៉ាវ ៦របាំង នៅចំណុចក បឹង ក្រាយដែលរបាំងនីមួយ មានប្រវែងពី៣០០ទៅ៥០០ម៉ែត្រ។ នៅរដូវទឹកសំរក់ ឈ្មោះឃាង ស៊ីម នេះ បានដាក់សំរាស់ ជាច្រើនដុំនិងរបាំងធ្នួស នៅចំណុចព្រែកសេះ ទន្លេធំនេះ រហូតទៅទល់នឹងទឹកតំឡើងវិញ។ បុរសឈ្មោះ ឃាក ស៊ីម អ្នករត់ការ កាងអួន និងកូនថៅកែអួនឈ្មោះ ង្វៀង យ៉ាំងងិន បាន ឆ្លើយតបមកកាន់អ្នកសារព័ត៌មានថា សុំសំរួលទៅ ព្រោះគាត់បានជួបគិតគូរជាមួយជលផល និង ខាងស្រុកនិងខេត្តអស់ហើយ។

ឯអ្នកនេសាទជនជាតិយួន ដោយប្រើឧបករសំណាញ់និងមងភ្លុង ក្នុងតំបន់អភិរក្ស ស្ដីដង្គង បានប្រាប់អ្នកសារព័ត៌មានថា ពួកគាត់បានបង់លុយឲ្យ ជលផលនិងសហគមន៍ ដែលនៅយាម តំបន់អភិរក្សនេះ អស់ហើយ គឺក្នុង១ក្បាលទូកពី៣០០០០រៀលទៅ៥០០០០រៀល។
យោងតាមប្រភពព័ត៌មានពីកសិករ ធ្វើចំការនៅខ្នងកោះ ព្រែកស្ដីដង្គង ចំណុចអភិរក្សនេះ បាននិយាយឲ្យដឹងថាពួកគាត់ឃើញឧបករណ៍នេសាទខាងលើនេះ ធ្វើសកម្មភាពនេសាទ ក្នុងតំបន់ អភិរក្ស ស្ទើរពុំលួសថ្ងៃ គឺក្នុង១ថ្ងៃៗមានពី៧ទៅជាង១០គ្រឿង ចំណែកសំរាស់ក្នុងតំបន់អភិរក្សនេះ គឺមានច្រើន ជាងឆ្នាំមុន។

លោកអភិបាលរងស្រុកម្នាក់ សុំមិនបញ្ចេញឈ្មោះ បានទទួលស្គាល់ថា ឈ្មោះ ឃាក ស៊ីម គឺបានប្រព្រឹត្តបទល្មើសនេសាទ ដូចសារព័ត៌មានដឹងមែន ហើយចំពោះរបាំងធ្នួស គឺគាត់បានមក ហាមឃាត់ច្រើនដងហើយ បន្ទាប់ពីឈ្មោះឃាក ស៊ីមនេះ ចេះធ្វើរបាំងត ចូលជ្រៅ កណ្ដាលទន្លេ ហើយដាក់ឡុកជាច្រើនឡុកនោះព្រោះក្នុងច្បាប់អនុញ្ញាតិឲ្យដាក់របាំងឆាក មានឡុកតែ១ប៉ុណ្ណោះ។ លោកអភិបាលរងរូបនោះបានបន្តថា កន្លងមកលោក អភិបាលស្រុក បានហៅ ឈ្មោះ ឃាក ស៊ីម មកប្រមានយ៉ាងចាស់ដៃពីទង្វើរប្រព្រឹត្តបទល្មើសនេសាទនិងយកឈ្មោះគាត់ថា ជាបង ធ៌មនិងជា មនុស្សស្និទ្ធ ជាមួយជលផល ក្នុងន័យ អំនួតដើម្បីប្រព្រឹត្តបទល្មើសនោះ។ ប៉ុន្តែទោះជាយ៉ាងណាក្ដី លោកសុង សារឿន នាយសង្កាត់រដ្ឋបាលជលផល ជលគីរី ពុំបាន ត្រូវសុំបំភ្លឺ បានទេ នៅពេលនេះ ដោយទូរស័ព្ទរបស់លោកទំនាក់ទំនងមិនបាន៕



































