យានអវកាសជប៉ុន ដែលផ្ទុកផ្កាយរណបស៊ើបការណ៍ បានចេញដំណើរទៅដល់ខ្សែវណ្ឌផែនដី ហើយបានសម្ចតផ្កាយរណបលើអាកាស បានសម្រេចជោគជ័យ។ ផ្កាយរណបថ្មីនេះ ជាប្រភេទផ្កាយរណបស៊ើបការណ៍ ដែលមានតួនាទី ថតសកម្មភាព និងវត្ថុទាំងអស់ នៅលើផែនដី ទោះបីក្នុងពេលយប់ក៏ដោយ។ បេសកម្មនេះ ស្ថិតក្នុងបេសកម្មការពារជាតិ ដែលជប៉ុនបានអនុវត្ត ដើម្បីឃ្លាំមើល សកម្មភាពរបស់កូរ៉េខាងជើង ដែលធ្លាប់គំរាមកំហែងជប៉ុន និងប្រទេសជិតខាង។យោងតាមព័ត៌មានដែលផ្តល់ឲ្យ ដោយភ្នាក់ងារស្រាវជ្រាវអវកាសជប៉ុន បានប្រាប់ឲ្យដឹងថា ថ្ងៃអាទិត្យ ទី១ កុម្ភៈ នៅវេលាម៉ោង ១០ និង២១នាទី ព្រឹក ម៉ោងនៅជប៉ុន យានអវកាស H2A បានចេញដំណើរ ឆ្ពោះទៅកាន់ ខ្សែវណ្ឌផែនដី (Orbite)។ យាននេះ មានផ្ទុក ផ្កាយរណបស៊ើបការណ៍ថ្មីមួយ ដែលនឹងត្រូវទៅតាំងទី នៅក្នុងលំហអាកាស ជាមួយនឹងផ្កាយរណប
ផ្សេងៗទៀត របស់ជប៉ុន។ផ្កាយរណបដែល ជប៉ុនទើបតែបានយកទៅដាក់នេះ មានតួនាទីស៊ើបការណ៍ ថតរាល់សកម្មភាព និងវត្ថុផ្សេងៗ នៅលើផែនដី មិនថាពេលយប់ រឺពេលថ្ងៃ រឺក៏ពេលដែលមានពពកក្រាស់ ខ្មៅយ៉ាងណាក៏ដោយ។ ផ្កាយរណបនេះ ក៏អាចថតយក រូបភាពនៃការខូចខាតផ្សេងៗ ដែលបង្កឡើង ដោយគ្រោះធម្មជាតិ ដូចជាទឹកជំនន់ រញ្ជួយដី រឺខ្យល់ព្យុះជាដើម។យ៉ាងណាក៏ដោយ បេសកកម្មចំបងរបស់ផ្កាយរណបនេះ គឺ ចាំឃ្លាំមើលសកម្មភាពយោធារបស់កូរ៉េខាងជើង ដើម្បីបង្កាក្នុងករណីដែល កូរ៉េខាងជើង មានគម្រោងបាញ់បង្ហោះគ្រាប់មីស៊ីស។ ផ្កាយរណបប្រភេទនេះ ត្រូវបានជប៉ុនចាប់ផ្តើម ស្រាវជ្រាវ និងផលិតវាឡើង
ចាប់តាំង ពីឆ្នាំ៩៨-៩៩ ដើម្បីទប់ទល់ជាមួយ ការគម្រាមកំហែង ពីសំណាក់កូរ៉េខាងជើង ដែលបានបាញ់សាកល្បង គ្រាប់មីស៊ីល បានសម្រេច កាលពីឆ្នាំ១៩៩៨។ តាំងពីនោះមក ជប៉ុនបានបង្ហោះផ្កាយរណបជាច្រើន ដែលបំពាក់ទៅដោយ ម៉ាស៊ីនថត និងរ៉ាដាចាប់សម្លេង ប៉ុន្តែមួយចំនួនបានខូចខាត លែងដំណើរការទៅហើយ។ ដូច្នេះ ផ្កាយរណបថ្មីនេះ នឹងទៅបំពេញការងារ ជំនួសផ្កាយរណបដែលខូច ប៉ុន្តែ មានបំពាក់បច្ចេកវិទ្យាទំនើបជាងមុន។ដោយសារតែនេះ ជាបេសកកម្មការពារជាតិជប៉ុន ដូច្នេះ ភ្នាក់ងារអវកាស ជប៉ុន បានរក្សាការសម្ងាត់ មិនបានផ្តល់ព័ត៌មានលម្អិត ទាក់ទងទៅនឹង ការបាញ់បង្ហោះ ក៏ដូចជា ភិនភាគនិងលក្ខណៈបច្ចេកទេស របស់ផ្កាយរណបស៊ើបការណ៍ថ្មីនេះទេ។ ការបាញ់បង្ហោះយានអវកាស កាលពីព្រឹកថ្ងៃអាទិត្យ ទី ១ កុម្ភៈនេះ បានធ្វើឡើង យ៉ាងស្ងាត់ៗ ដោយមិនមានអនុញ្ញាត ឲ្យទូរទស្សន៍ណា ចូលទៅថត យករូបភាពមកផ្សាយបានឡើយ៕